ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ចូលរួម កម្មវិធីកុមាររីករាយ “រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ”

ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក និងឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃកម្មវិធីកុមាររីករាយបានដឹកនាំក្រុមការងារសរុប ១៥០នាក់ រៀបចំកម្មវិធីកុមាររីករាយ ក្រោមប្រធានបទ “រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” សម្រាប់កុមារាកុមារីទាំងអស់ចំនួន ៣២០ នាក់ នៃសាលាបឋមសិក្សាមិត្តភាព ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទីទី ៣ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

ជាមួយបរិយាកាសប្រកបដោយភាពរីករាយ ឯកឧត្ដម លី ច័ន្ទតុលា បានលើកឡើងពីគោលបំណងសំខាន់ៗនៃកម្មវិធីដែលមានដូចជា៖
(១) ផ្តល់អារម្មណ៌រីករាយមិនអាចបំភ្លេចបានពេញមួយជីវិតជូនកុមារនៅសាលាបឋមសិក្សាមិត្តភាពទាំងមូល តាមរយៈសកម្មភាពប្រកួតប្រជែងពានរង្វាន់ទាំង២ គឺ ពានរង្វាន់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និង ពានរង្វាន់ឯកឧត្តម លី ច័ន្ទតុលា ដែលពាននីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃសកម្មភាពទាំងអស់សម្រាប់ជីវិតរស់នៅរបស់កុមារនៅថ្ងៃនេះនិងនៅថ្ងៃអនាគត ។

(២) ផ្តល់អារម្មណ៌កក់ក្តៅជូនដល់មាតាបិតាសិស្ស ថា”សាលារដ្ឋនៅតែជាទីមោទនភាព”របស់កម្ពុជា ពីព្រោះសាលារដ្ឋនេះហើយដែលបានបណ្តុះធនធានដែលសព្វថ្ងៃសុទ្ធសឹងតែជាបញ្ញាវ័ន្ត មន្ត្រីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ។

(៣) សកម្មភាពថ្ងៃនេះ ក៏ចង់បង្ហាញទៅសិស្ស មាតាបិតាសិស្ស និង លោកគ្រូអ្នកគ្រូ ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងកម្ពុជានិង ដឹកនាំកម្ពុជាទៅរកភាពចម្រុងចម្រើនរុងរឿង ដើរតាមទាន់ប្រទេសជិតខាង និង ឈានទៅមុខគេបន្ថែមទៀត។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ កោតសរសើរចំពោះ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ចំពោះការយកចិត្តទុកដាក់ចំកុមារកម្ពុជា ជាពិសេសគឺការលើកទឹកចិត្តរបស់ ឯកឧត្ដម លី ច័ន្ទតុលា ចំពោះលោកគ្រូអ្នកគ្រូអោយប្រឹងប្រែងបន្ថែម និង “សូមកុំទុកក្មេងណាម្នាក់ចោល” ដោយសារគ្នាទៅមិនទាន់គេ ឬដោយសារមូលហេតុណាមួយផ្សេងទៀត។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានជូន សារចំនួន ៣ ជូនទៅកុមារទាំងអស់ ក៏ដូចជាកម្មវិធីទាំងមូលអោយរៀន អោយចេះ និងចងចាំ៖
ទី១៖ “មង្គលពរទាំង៧ប្រការ” ដែលមានព្រះពុទ្ធពរចំនួន ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ។ ពរមួយប្រការរបស់សម្តេចសង្ឃជួនណាតនោះគឺ បដិភាណៈ និង មង្គលពរ២ប្រការចុងក្រោយរបស់សម្តេចតេជោហ៊ុនសែន គឺសន្តិភាព និងអភិវឌ្ឍនៈ។ ទី២៖ “ខ្ញុំត្រូវតែឧស្សាហ៌ព្យាយាម” និងទី៣ ដែលជាពាក្យស្លោករបស់ ឯកឧត្តម លី ច័ន្ទតុលា ផ្ទាល់គឺ “ធ្វើអ្វីធ្វើអោយល្អបំផុត”

ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏ជាចូលរួមកាត់ខ្សែរបូ សម្ពោធក្តារខៀនកិត្តិយសឯឧត្តមកិត្តិនីតិកោសលបណ្ឌិតឱម យ៉ិនទៀង ដែលនេះជា “ក្តារខៀនពិសិដ្ឋ” ដែល មាតាបិតាអាណាព្យាបាលសិស្ស ត្រូវប្រឹងប្រែងជួយលើកទឹកចិត្តកូន និង មើលកូនបន្ថែមឲ្យកូនអាចបន្តមានរូបថតនៅលើក្តារខៀននេះ។

កម្មវិធីបានបញ្ចប់ទៅដោយភាពរីករាយ និង ស្និតស្នាលជាទីបំផុត ដោយមានការប្រគល់រង្វាន់សម្រាប់ជ័យលាភីពានរង្វាន់ឯ.ឧកិត្តិនីតិកោសលបណ្ឌិតឱម យ៉ិនទៀង និង ពានរង្វាន់ឯឧ លី ច័ន្ទតុលា និងប្រគល់កាដូរអនុស្សារីយ៍ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលមានដូចជា កាតាប សៀវភៅ ព្រមទាំងសំភារៈសិក្សាមួយចំនួនផងដែរ ។ ជាមួយនិងក្តីរំពឹងទុកថា កម្មវិធីកុមាររីករាយនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ផ្តល់ជាបំនិនជីវិតសម្រាប់កុមារ តាមរយៈវិញ្ញាសារនៃកម្មវិធី ដែលមានដូចជា អក្សរសាស្ត្រ គណិតវិទ្យា ភាសារអង់គ្លេស ការចំអិនម្ហូប និងវិញ្ញាសារប្រកួតលេងល្បែងប្រជាប្រិយ៍ ដោយប្រើប្រាស់កំលំាង ប្រាជ្ញាស្មារតីសាមគ្គីភាព ដែលសុទ្ធសឹងជាវិធីបង្រៀនឲ្យកុមារមានការចងចាំ និងដឹងថាទាំងអស់ពិតជាមានសារៈសំខាន់ជីវិត មិនថាថ្ងៃនេះ ឬអនាគត។

គួរបញ្ជាក់ផងដែរថា កម្មវិធីកុមាររីករាយត្រូវបានបង្កើតឡើងជាលើកទី១ នៅក្នុងឆ្នាំ២០១៦ នៅសង្កាត់វាលពង់ និងបានធ្វើជាបន្តបន្ទាប់នៅសាលាទាំង៩ នៅសង្កាត់វាលពង់ ដែលពេលខ្លះ កម្មវិធីបានប្រារព្ធរួមបញ្ចូលគ្នាទាំង៩សាលា សម្រាប់សិស្សប្រហែលជា ១៦០០នាក់សរុប នៅរៀងរាល់ថ្ងៃទី០១ មិថុនា ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner