តៃវ៉ាន់សង់រោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីអាមេរិកនៅថ្ងៃចន្ទនេះនិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់តៃវ៉ាន់ TSMC យល់ព្រមសាងសង់រោងចក្រផលិតបន្ទះឈីបទី៣ នៅក្នុងរដ្ឋអារីហ្សូណា នាំឱ្យការវិនិយោគសរុបរបស់ក្រុមហ៊ុននេះនៅសហរដ្ឋអាមេរិក កើនឡើងពី ៤០ ដល់ ៦៥ពាន់លានដុល្លារ។

លោកស្រី Lael Brainard ដែលជាប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសាទរចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC និងថា នេះជាជំពូកថ្មីសម្រាប់ឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិក។ លោកស្រី Brainard បានប្រាប់អ្នកយកព័ត៌មានថា ការវិនិយោគរបស់ TSMC គឺផ្អែកលើកិច្ចព្រមព្រៀងបឋមជាមួយក្រសួងពាណិជ្ជកម្មអាមេរិក ដែលចងភ្ជាប់ទៅនឹងច្បាប់វិនិយោគដ៏សំខាន់មួយហៅថា Chips and Science Act។

នៅក្រោមកិច្ចព្រមព្រៀងនេះ TSMC នឹងទទួលបានថវិការហូតដល់ ៦.៦ពាន់លានដុល្លារ ជាមូលនិធិផ្ទាល់ពីរដ្ឋាភិបាលអាមេរិក ហើយអាចទទួលបានថវិកាចំនួន ៥ពាន់លានដុល្លារផ្សេងទៀត ក្នុងទម្រង់ជាប្រាក់កម្ចី។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Gina Raimondo បាននិយាយថា TSMC នឹងបង្កើតការងារផ្នែកបច្ចេកវិទ្យាទំនើបដោយផ្ទាល់ យ៉ាងហោចណាស់ ៦,០០០នាក់ ហើយច្រើនជាង ២០,០០០នាក់នៅក្នុងការងារសាងសង់រោងចក្រ និងការងារប្រយោលរាប់ម៉ឺននាក់។ ចំណែកប្រធានក្រុមហ៊ុន TSMC លោក Mark Liu បានគូសបញ្ជាក់ថា ប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់យើង នឹងអនុញ្ញាតឱ្យយើងគាំទ្រអតិថិជនអាមេរិករបស់យើងកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងព្យាយាមទប់ទល់នឹងការខ្វះខាតបន្ទះឈីប ដែលវាមានសារៈសំខាន់សម្រាប់ការផលិតទូរស័ព្ទដៃ រថយន្តអគ្គិសនី និងឧបករណ៍យោធាទំនើបៗជដើម។ ហេតុដូច្នេះហើយ ការសាងសងរោងចក្រ TSMC ទី៣ បានបង្ហាញពីការពឹងផ្អែកខ្លាំងរបស់សហរដ្ឋអាមេរិក លើតៃវ៉ាន់សម្រាប់សមាសធាតុទាំងនេះ។ ប៉ុន្តែក្រៅពីសហរដ្ឋអាមេរិក ក្រុមហ៊ុន TSMC ក៏គ្រោងនឹងបោះទុនផលិតបន្ទះឈីបនៅប្រទេសជប៉ុន និងអាល្លឺម៉ង់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner