មន្ទីរប្រឆាំងគ្រឿងញៀនថ្លែងថា ចរាចរគ្រឿងញៀនគ្មានសញ្ញាថមថយ (Video Inside)
មន្ទីរប្រឆាំងគ្រឿងញៀនបានថ្លែងថា ក្នុងរយៈពេលបីខែដើមឆ្នាំនេះ ការបង្ក្រាបគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែបញ្ហាគ្រឿងញៀនគ្មានសញ្ញាណាថមថយឡើយ។
ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពមួយ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ឧត្តមសេនីយ៍ឯកនគរបាល ព្រំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកកិច្ចការប្រឆាំងគ្រឿងញៀន បានថ្លែងនៅថ្ងៃទី៩មេសា នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទីមួយ សម្រាប់ឆ្នាំ២០២៤ បញ្ជាក់ថា ទោះបីជាបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក៏ដោយ ក៏បញ្ហាគ្រឿងញៀននេះ នៅតែមិនមានសញ្ញាថមថយនៅឡើយ។
យោងតាមរបាយការណ៍ ក្នុងរយៈពេលបីខែដើមឆ្នាំនេះ បទល្មើសគ្រឿងញៀន ដែលបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀនតែមួយ មានចំនួន ១តោន ៧៨៣គីឡូក្រាម និង២០៩.៨៣ក្រាម និងឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់។
ដោយឡែកការបង្ក្រាបគ្រឿងញៀនដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងរាជធានីទាំង២៥ ក្នុងរយៈពេល៣ខែមកនេះ មានចំនួន ៨០គីឡូ និង៣៩៥ក្បៀស១២ក្រាម, ឃាត់បានជនសង្ស័យ ៣ពាន់ ៩០៣នាក់។
លោកឧត្តមសេនីយ៍ឯក ព្រំ សន្ធរ បានថ្លែងក្នុងពិធីថា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំជាមួយប្រទេសជិតខាង ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះ មានការរកឃើញគ្មានប្រទេសណា ដែលថមថយលើបញ្ហាគ្រឿងញៀនឡើយ។ លោកថា កម្ពុជា គឺជាប្រទេសមួយដែលបានរងគ្រោះ ដោយសារតែករណីគ្រឿងញៀននេះផងដែរ។