ក្រសួងប្រៃសណីយ៍ប្រារព្ធពិធីចម្រើនព្រះបរិត្តអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខដោយបាននិមន្តព្រះសង្ឃចំនួន ៧អង្គ សូត្រមន្តចម្រើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមជួយប្រោះព្រំពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងទាំងអស់ ។
ក្នុងឱកាសនោះដែរ ក៏មានការសម្តែងនូវរបាំត្រុដិ ដើម្បីជាកិច្ចបណេ្ដញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី ជ័យមង្គល និងវិបុលសុខក្នុងឆ្នាំថ្មី ជូនដល់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕
ដោយ: ង៉ាន់ ទិត្យ