រូបសេះសមុទ្របាញ់ទឹកខេត្តកំពត កំពុងក្លាយជាទីចំណាប់អារម្មណ៍របស់ភ្ញៀវ

កំពត ៖ រូបសំណាកសេះសមុទ្រកម្ពស់ប្រាំបីម៉ែត្រ ព្រួសទឹកចេញពីមាត់នៅលើដងព្រែកកំពង់បាយ នៃក្រុងកំពតដែលទើបតែកសាងរួចរាល់ ត្រូវបានដាក់សម្ពោធនៅថ្ងៃទី១០ ខែមេសា ។ បន្ទាប់ពីរូបសំណាកសេះសមុទ្រលេចចេញរូបរាង ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកទស្សនា។ ក្នុងនោះក្រុមយុវជនមកពីខេត្តសៀមរាប បានសរសេីរចំពោះការអភិវឌ្ឍខេត្តកំពត ។ពិសេសការចេះច្នៃប្រឌិតបង្កើតជារូបសេះសមុទ្របាញ់ទឹកថាពិតថ្មីប្លែក ស្អាតទាក់ទាញ មិនចាញ់ប្រទេសរីកចម្រើនខ្លាំងឡើយ។(រាយការណ៍ដោយ សុខ ណេត)

អាន: ក្រុមយុវជនមកពីខេត្តសៀមរាប បានបង្ហាញនូវការភ្ញាក់ផ្អើល និងមានមោទកភាពយ៉ាងខ្លាំងចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ខេត្តកំពត។ ពួកគេនិយាយថា នៅសៀមរាមសម្បូរប្រាសាទបុរាណ តែនៅខេត្តកំពតដែលជាខេត្តមួយក្នុងចំណោមខេត្តបួនដែលជាប់មាត់សមុទ្ររបស់កម្ពុជា គឺមានកន្លែងស្អាតទាក់ទាញ សព្វគ្រប់ទាំងអស់ មានទាំងភ្នំបូកគោ ព្រែក ឆ្នេរសមុទ្រ ឆ្នេរព្រែក រីសត និងកន្លែងស្អាតជាច្រើនទៀត។ ពិសេសក្រុងកំពត ការរៀបចំតុបតែងបានស្អាត មានឆ្នេរខ្សាច់កម្សាន្ត សួនច្បារ និងរូបសំណាក់សេះសមុទ្រធំ ស្អាតទាក់ទាញខ្លាំងបំផុត  ហើយជនបរទេសជាច្រើនក៏កំពុងចាប់អារម្មណ៍ដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ដោយសារខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ដែលបម្រើឱ្យវិស័យទេសចណ៍ ។ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងសក្តានុពលទេសចរណ៍ទាំងនោះ ឱ្យមានដំណើរការកាន់តែប្រសើរ  ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកកម្សាន្តច្រើន ពលរដ្ឋនឹងទទួលបានចំណូលពីវិស័យទេសចរណ៍ច្រើនដែរ។

ម្យ៉ាងទៀត កម្ពុជាបច្ចុប្បន្នជ្រកក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យមានភាពទាក់ទាញ  ទើបខេត្តកំពតខិតខំប្រឹងប្រែង និងបានបង្កើតកន្លែងលំហែថ្មីៗជាច្រើន និងមានរូបសំណាកសេះសមុទ្របាញ់ទឹកនេះជាដើម។

ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានបញ្ជាក់ថា រូបសេះសមុទ្របាញ់ទឹករបស់ខេត្តកំពត កំពុងក្លាយជាទីចំណាប់អារម្មណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ចាប់តាំងពីរូបសំណាកនេះចេញជារូបរាងមក ភ្ញៀវមកលេងខេត្តកំពតមានការកើនឡើង ។ លោកបន្តថា ភ្ញៀវអន្តរជាតិ ក៏កំពុងតែចង់ស្គាល់ និងត្រឡប់មកលេងខេត្តកំពតម្តងទៀតដែរ បន្ទាប់ពីបានឃើញរូបសេះសមុទ្រកម្ពស់៨ម៉ែត្រឈរព្រួសទឹកយ៉ាងសង្ហារ ត្រូវបានបង្ហោះពេញបណ្តាញសង្គមនោះ៕
អត្ថបទនិងរូបភាព៖សិលា សារិន

ads banner