អភិបាលស្រុកស្ទោង អញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារដែលត្រូវអគ្គិភ័យឆេះផ្ទះកាលពីខែមុន
កំពង់ធំៈនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បានអញ្ជើញនិងនិមន្តប្រគល់ផ្ទះថ្មីមួយខ្នងជូនគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យកាលពីខែមីនាកន្លងទៅនៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងគ្រប់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាព ជីវភាព គ្រួសារដែលបានរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ជាពិសេសអ្នកដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះសម្បែងត្រូវនាំគ្នាជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។
លោកតា គួន ដែក និងលោកយាយ ទុំ នឿន ដែលទទួលបានផ្ទះថ្មីនៅពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សាយ គឹមឡម និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃ ស្រុក និងសប្បុរសជន ដែលបានមកសួរសុខទុក្ខ និងធ្វើផ្ទះជូនគាត់នៅក្នុងរដូវការឆ្នាំថ្មីនេះ ដើម្បីបានជ្រកកោន ឡើងវិញ។
សូមបញ្ជាក់ថា ផ្ទះដែលប្រគល់ជូននៅពេលនេះមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ធ្វើពីឈើប្រក់ និងជញ្ជាំងស័ង្កសី ជាអំណោយផ្ទាល់របស់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ,សប្បុរសជន ។អមជាមួយផ្ទះលោកអភិបាលស្រុកក៏បានជូននូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកាចំនួន ៤៥០.០០០រៀលផងដែរ៕
ដោយៈប៊ុន រដ្ឋា