ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង៣០លានដុល្លារ នៅខេត្តស្វាយរៀងត្រូវបានបើកការដ្ឋានសាងសង់

ស្វាយរៀង៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែមេសាឆ្នាំ២០២៤បានអញ្ជើញបើកការដ្ឋានសាងសង់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងដែលមានតម្លៃជាង ៣០លានដុល្លារ។ប្រព័ន្ធនេះអាចផ្គត់ផ្គង់ទឹកស្អាតបាន៦.៨០០ ម៉ែត្រគូបក្នុងថ្ងៃ។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, ឯកឧត្តម អ៊ុអ៊ីណូ អាតស៊ូស៊ី (UENO Atsushi )ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាផងដែរ។

គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន ៣.៩៨ ពាន់លានយ៉េនជប៉ុន ដែលស្មើនឹងប្រមាណ ៣០.៦០ លានដុល្លារអាមេរិក។

ឯកឧត្តមរាជទូតជប៉ុន បានបញ្ជាក់ថា ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជន។ នេះជាការពិតជាពិសេសទាក់ទងនឹងគម្រោងជោគជ័យក្នុងទីក្រុងភ្នំពេញដែលត្រូវបានគេចងចាំថាជា “ភ្នំពេញអច្ឆិយៈ”។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន សង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីក្នុងខេត្តស្វាយរៀងនេះដែលបានកំណត់យកខែធ្នូ ឆ្នាំ២០២៥ជាកាលបរិច្ឆេទបញ្ចប់ការសាងសង់ នឹងត្រូវបានអនុវត្តយ៉ាងរលូន និងជោគជ័យ ហើយនឹងរួមចំណែកដល់ការរស់នៅឳ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ប្រជាពលរដ្ឋនៅក្រុងស្វាយរៀង សូមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាល ជប៉ុន ដែលជានិច្ចជាកាលបានផ្តល់ជំនួយឥតសំណងជាបន្តបន្ទាប់ ដើម្បីគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា។ ការគាំទ្រទាំងនេះបានបន្តចូលរួម លើកកម្ពស់វិបុលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានបន្សល់ទុកនូវមរតកដែលមិនអាចបំភ្លេចបាន នៅក្នុងដំណើរអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ជាពិសេសប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបានប្រើប្រាស់ទឹកស្អាត ដែលជាការលើកកម្ពស់សុខមាលភាពជូនពលរដ្ឋខ្មែរ។

ចំណែកឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានថ្លែងថាគម្រោងនេះបង្ហាញនូវវឌ្ឍនភាពថ្មីមួយដ៏សំខាន់ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តស្វាយរៀង។ ផ្អែកលើភាពជោគជ័យនៃកិច្ចខិតខំកន្លងមក ដូចជា គម្រោងកសាងសមត្ថភាពអង្គភាពរដ្ឋាករទឹកសាធារណៈជំហានទី២ និងជំហានទី៣ ដែលបានបញ្ចប់ និងគម្រោងរៀបចំប្រព័ន្ធទិន្នន័យគ្រប់គ្រងបណ្តាញទឹកស្អាត (Mapping System) ដែលកំពុងអនុវត្តនេះត្រូវបានរំពឹងថា នឹងបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ៦.៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅឆ្នាំ២០២៧ ពោលគឺ២ឆ្នាំក្រោយការបញ្ចប់គម្រោង ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងអស់ត្រូវបានព្យាករណ៍ថា នឹងមានទឹកស្អាតប្រើប្រាស់ ។នេះជាការបោះជំហានមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍។
ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមឱ្យចំណងមិត្តភាព សាមគ្គីភាព និងឧត្តមភាពនៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន រឹងមាំ ស្ថិតស្ថេរជាអមតៈ៕


ដោយៈនុត នាង

ads banner