តំបន់ផាប់ស្ទ្រីត និងតំបន់ជាច្រើននៅក្រុងសៀមរាបបានលេងបាញ់ទឹក និងផាត់ម្សៅបង្កើនភាពរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
(ខេត្តសៀមរាប)៖ទឹកត្រជាក់ស្រេងដែលជាទឹកក្លាសេទឹកកក ទឹកម៉ាស៊ី និងកន្លែងខ្លះទៀតទឹកអណ្តូងបានហោះមកប៉ះសាច់ជាមួយនឹងសម្លេងហ៊ោកញ្ជៀវ និងពេលខ្លះទៀតមានការផាត់ម្សៅដែលភាគច្រើនទៅលើក្រុមយុវជនបាន ជួយកាន់តែបង្កើនភាពរីករាយ នាឱកាសបុណ្យចូលឆ្នាំថ្មីចាប់តាំងតែពីថ្ងៃទី១៣ដល់ព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤។
តំបន់ច្រើនកន្លែងនៅទីក្រុងសៀមរាប និងពិសេសតំបន់ផាប់ស្រ្ទីត(Pub street)បានក្លាយជាទិដ្ឋភាពរីករាយ អមជាមួយទឹកស្ទើរពាសពេញផ្លូវ ហាក់ដូចជារដូវវស្សាដូច្នេះដែរ បើទោះបីពេលនេះជារដូវក្តៅហែងក៏ដោយ។
ក្រុមយុវជន មនុស្សវ័យកណ្តាល និងខ្លះទៀតជាកុមារ ខ្លះថែមជាអ្នកទេសចរបរទេស បាននាំគ្នាប្រើកាំភ្លើងបាញ់ទឹក ខ្លះបាញ់ទឹកទុយោ និងខ្លះទៀតបាញ់ជះទឹកផ្តិលទៅលើអ្នកធ្វើដំណើរលើផ្លូវសាធារណៈ។ ទិដ្ឋភាពនេះគេឃើញម្នាក់ៗបង្ហាញក្តីរីករាយ ហាក់ចង់លេងជាមួយពួកគេ និងបង្ហាញការពេញចិត្តភាគច្រើន។
ការលេងជះទឹក ផាត់ម្សៅ ដែលមានរបៀបរៀបរយ និងមានភាពសេចក្តីថ្លៃថ្នូរមិនត្រឹមតែបង្កើនភាពរីករាយ មិត្តភាព ទេ តែនៅបានក្លាយជាអនុស្សាវរីយ៍ដែលម្នាក់ៗទន្ទឹងរង់ចាំដល់បុណ្យចូលឆ្នាំថ្មីទៀតផង។
អ្នកនាង លៀប ភី រស់នៅក្រុងសៀមរាប បានប្រាប់ឱ្យដឹងទាក់ទិនទៅនឹងការលេងល្បែងជះទឹក ប៉ាតម្សៅថាពិតជាផ្តល់នូវភាពរីករាយ និងបង្កើនភាពស្និតស្នាលជាមួយនឹងភ្ញៀវទេសចរទាំងទីជិតឆ្ងាយ។នៅផ្ទះអ្នកនាងក៏មានរៀបចំបាញ់ទឹក ប៉ាតម្សៅនៅមុខផ្ទះដើម្បីចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ។
ស្រ្តីរូបនេះបានប្រាប់ថា”ការលេងជះទឹកក៏ជាកម្មវិធីមួយផ្តល់ភាពរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរយើង ។ បើគ្មានល្បែងនេះវាហាក់ដូចជាខ្វះអ្វីម្យ៉ាងនឹងមិនផ្តល់ភាពរីករាយខ្លាំងដល់ពួកខ្ញុំទេ ។ ជាក់ស្តែងខ្ញុំបានបង្កើតកម្មវិធីនៅមុខផ្ទះខ្លួនឯងតែម្តង។ក្នុងការលេងល្បែងជះទឹកនេះដែរខ្ញុំបានបង្គាប់ប្អូន និងក្មួយគឺអត់ឱ្យលេងអ្វីដែលលើសជ្រុលជ្រួសឬមិនគប្បីដល់ភ្ញៀវទេសចរទេ។ពួកខ្ញុំប្រើផ្តិលជះ និងបើលេងកាំភ្លើងគឺប្រើប្រភេទខ្នាតតូចៗដែរ។ចំពោះការលេងប៉ាតម្សៅខ្ញុំសុំពួកគាត់ត្រឹមត្រូវដែរ”។
ស្រ្តីរូបនេះបានលើកឡើងដោយគាំទ្រឱ្យមានការលេងជះទឹក ប៉ាតម្សៅនេះ និងបានសំណូមពរឱ្យពលរដ្ឋចូលរួមលេងដោយសមរម្យ ថ្លែថ្នូរអាចទទួលយកបានទាំងអស់គ្នា។ការលេងជះទឹក ប៉ាតម្សៅក៏ជាផ្នែកមួយផ្តល់ក្តីរីករាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងដែរ”។
លោក ឈូកតាក់ យុវជនមួយរូបទៀតរស់នៅខេត្តសៀមរាបបានឱ្យដឹងថា៖រូបលោកគាំទ្រឱ្យមានការលេងល្បែងជះទឹក ប៉ាតម្សៅ រួមជាមួយនឹងល្បែងប្រជាប្រិយផ្សេងៗដទៃទៀតរួមផ្សំដែលជាការជួយបង្កើនក្តីសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរយើង។ ល្បែងទាំងអស់នេះគឹដូនតាខ្មែរយើងបានបន្សល់ទុកចាប់តាំងតែពីបុរាណាកាលមករហូតដល់សព្វថ្ងៃ។
លោក ឃុន ភឿន យុវជនមួយរូបទៀតបានលើកឡើងដែរថាលោកចង់ឱ្យពលរដ្ឋខ្មែរយើងដែលចូលរួមលេងជះទឹក ប៉ាតម្សៅត្រូវលេងដោយការប្រុងប្រយ័ត្ន និងពិសេសមិនត្រូវបំពានទៅលើអ្នកដទៃ ទើបការលេងក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់យើងប្រកបដោយក្តីសប្បាយរីករាយ និងមានអនុស្សាវរីយ៍ល្អៗជាមួយគ្នា។
ឯកឧត្តម ស៊ុ ម៉ាប់ រដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងដែរថាការលេងល្បែងប្រជាប្រិយទោះស្ថិតនៅក្នុងទម្រង់ណាក៏ដោយការលេងក្នុងពិធីបុណ្យចូលឆ្នាំ្គគឺជាទម្រង់ខ្មែរយើងជានិច្ច។សម្រាប់ល្បែងជះទឹកក្នុងរូបចម្លាក់អង្គរដូនតាខ្មែរយើង។ហេតុនេះការលេងល្បែងជះទឹកគឺជារបស់ដូនតាខ្មែរយើងជាយូរយាណាស់មកហើយដែរ ៕
ដោយ ៖ ម៉ាដេប៉ូ