ថៃ៖ លោក Srettha និង លោក Pita លេងបាញ់ទឹក ក្នុងថ្ងៃសង្ក្រាន្ត
ក្នុងបុណ្យសង្រ្កាននៅប្រទេសថៃ ឆ្នាំ២០២៤នេះ ការលេងទឹកនៅតែត្រូវបានលេងយ៉ាងផុសផុល ដូចបណ្តាឆ្នាំកន្លងទៅ។ ជាក់ស្តែង នៅឆ្នាំ២០២៤នេះ សូម្បីតែនាយករដ្ឋមន្ត្រីថៃ លោក Srettha និង លោក Pita អតីតបេក្ខភាពនាយករដ្ឋមន្ត្រីថៃ និងជាមេបក្ស Move Forward ក៏បានចូលរួមលេងផងដែរ។
កាសែត The Nation បានចេញផ្សាយថា លោក Pita Limjaroenrat ដែលរៀបនឹងធ្វើជានាយករដ្ឋមន្ត្រី ក្រោយឈ្នះការបោះឆ្នោត តែត្រូវបានសភាបោះឆ្នោតទម្លាក់វិញ រូបនេះ បានលេងបាញ់ទឹក នៅក្នុងខេត្ត Khon Kaen ភាគឦសាននៃប្រទេសថៃ កាលពីថ្ងៃសៅរ៍។
រីឯ លោកនាយករដ្ឋមន្រ្តីថៃ Srettha Thavisin ជាមួយនឹងសម្លៀកបំពាក់ អាវផ្កាពណ៌ផ្កាឈូក លាយក្រហម បានលេងលេងបាញ់ទឹក នៅស្រុក Hua Hin នៃខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ កាលពីថ្ងៃសៅរ៍ នេះបើតាមកាសែត Hua Hin Today។
គួរបញ្ជាក់ថា បុណ្យសង្រាន្ក ឬថៃ ចាត់ទុកថាជា «បុណ្យប្រពៃណីនៃការបាញ់ទឹក» នៅឆ្នាំ២០២៤នេះ បាននិងកំពុងប្រព្រឹត្តទៅ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែមេសា មកម្ល៉េះ។
នៅឯទីក្រុងបាងកក គេឃើញមានមនុស្សរាប់ម៉ឺននាក់បានដើរតាមដងផ្លូវ បាញ់កាំភ្លើងបាញ់ទឹក មានទាំងជនបរទេសផង លេងយ៉ាងសប្បាយរីករាយ ខណៈដែលការទទួលទានស្រា មានតិចតួច៕
ប្រភពពី The Nation និង Hua Hin Today, ប្រែសម្រួល៖ សារ៉ាត