រយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តជាង ១៣មុឺននាក់
រតនគិរី៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងស័ក ព.ស ២៥៦៨ គ.ស ២០២៤នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្ដតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ដមានចំនួន ១៣៤,២៩១នាក់ កើនឡើង ១៧.៥៥% ។
លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន ៤៨,៩៧៤នាក់ កើនឡើង ១.៩% ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៣២នាក់ កើនឡើង ៥៨.៣១% និងប្រជាពលរដ្ឋក្នុងខេត្តចូលរួមក្នុងកម្មវិធីសង្ក្រាន្តរតនគិរី និងសង្រ្កាន្តនៅតាមបណ្តាក្រុងស្រុកទាំង ៩មានចំនួន ៨៤,៧៨៥នាក់ កើនឡើង ២៨.៦១% ។ ដូច្នេះសរុបភ្ញៀវទាំងបីប្រភេទនេះមានចំនួន ១៣៤,២៩១នាក កើនឡើង ១៧.៥៥% បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៣ មាចំនួន ១១៤,២៤៥នាក់ ប៉ុណ្ណោះ ។
លោក ង៉ែត ពិទូ បន្តថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៤នេះ ខេត្តរតនគិរី ដែលមាន ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្ត បានរៀបចំកម្សាន្តតាមកម្មវិធីសង្ក្រាន្តរតនគិរី ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងនៅតាមបណ្តាស្រុក ក្រុង ទាំង ៩នៅទូទាំងខេត្តដោយបង្កើតឱ្យមានលេងល្បែងប្រជាប្រិយនៅតាមទីវត្ត អារាមនានា និង បង្កើតឱ្យមានព្រឹត្តិការណ៍ជាច្រើនទៀត សម្រាប់ឱ្យភ្ញៀវទេសចរលេងសប្បាយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដើម្បីបង្កើតភាព សប្បាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះក៏ដូចរួមចំណែកបង្កើតភាពទាក់ទាញភ្ញៀវមកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ផងដែរ ។
លោកថា អ្វីដែលគួរអោយកត់សម្គាល់នោះ គឺ ព្រឹតិ្តការណ៍សង្ក្រាន្តរតនគិរី និងសង្រ្កាន្ត តាមបណ្តាស្រុក ក្រុងរយៈពេល ៤ថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ជាង ៨មុឺននាក់បានចូលរួមសប្បាយរីករាយ ប្រកប ដោយ សុខសុវត្ថិភាព ធានាបាននូវសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កងកម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់របស់ខេត្តប្រជាពលរដ្ឋយើងអាចធ្វើដំណើរកម្សាន្តទៅកាន់គ្រប់ទីកន្លែងដោយពុំ មានបញ្ហាឡើយពិសេស ប្រទេសជាតិមានសុខសន្តិភាពប្រជាពលរដ្ឋធ្វើ ដំណើរកម្សាន្តដោយសប្បាយរីករាយ ៕
ដោយ ៖ គតិ យុត្ត