អំពើហិង្សាក្នុងគ្រួសារនាំមុខនៅប្រាំឆ្នាំចុងក្រោយ ស្ត្រីខ្មែរបន្តរងគ្រោះ
ភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សានៅក្នុងប្រទេសកម្ពុជាមានជាហូរហែ ប៉ុន្តែក្រសួងកិច្ចការនារីបានរាយការណ៍ថា បញ្ហាប្រឈមនៅតែគួរឱ្យព្រួយបារម្ភ។ ជាង ៣ ៦០០ ករណីហិង្សាត្រូវបានរកឃើញរវាងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ហើយជិតពាក់កណ្តាលគឺជាអំពើហិង្សាក្នុងគ្រួសារ ,៣៥ភាគរយទៀតជាករណីរំលោភសេពសន្ថវៈ និងមានតិចតួចជាករណីជួញដូរមនុស្ស។ ក្នុងចំណោមអំពើហិង្សាទាំងនេះ ស្ត្រីនៅតែជាជនរងគ្រោះ។ នេះបើយោងតាមរបាយការណ៍ក្នុងផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦របស់ក្រសួងកិច្ចការនារីដែលទើបចេញផ្សាយនាពេលថ្មីៗនេះ។
លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី បានប្រាប់ទូរទស្សន៍អប្សរាថា មានការលេចឡើងនូវរូបភាពថ្មីៗនៃអំពើហិង្សា និងការកេងប្រវញ្ចលើស្ត្រីនិងកុមារ។ លោកជំទាវថា បញ្ហានេះបានដាក់បន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គមដល់គ្រួសារ និងបានជះឥទ្ធិពលអវិជ្ជមានទៅដល់សីលធម៌សង្គម តម្លៃស្រ្តី និង គ្រួសារខ្មែរ។
របាយការណ៍របស់ក្រសួងកិច្ចការនារីដដែលបង្ហាញផងដែរថា ស្ត្រីនិងក្មេងស្រីរងគ្រោះពីករណីហិង្សាចំនួន ៣០៤៥ ករណីទទួលបានការគាំពារ និងសេវាផ្នែកច្បាប់។ ក្នុងយុទ្ធសាស្ត្រថ្មីសម្រាប់អនុវត្តពីឆ្នាំនេះដល់ឆ្នាំ ២០២៨ ក្រសួងកិច្ចការនារីរំពឹងថានឹងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។ សេវាជួយសង្គ្រោះស្ត្រីក្នុងអំពើហិង្សា មានសេវាជួយសង្គ្រោះផ្ទាល់នៅហ្នឹងកន្លែង និង សេវាជំនួយតាមតាមទូរស័ព្ទ (Help Line ) ផងដែរ ។
ប៉ុន្តែ លោកស្រី ស្ដើង ភារ៉ុង នាយិកាអង្គការបន្ទាយស្រីមើលឃើញថា នៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់។ លោកស្រី ស្នើឱ្យរដ្ឋាភិបាល និង ក្រសួងកិច្ចការនារី ពង្រីកកញ្ចប់ថវិកាដល់សហគមន៍ថ្នាក់ក្រោមជាតិឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងអំពើហិង្សាលើ យេនឌ៍រឱ្យបានទាន់មានពេលវេលា៕
ដោយ៖សែន ដាវិត