ពលករខ្មែរដែលកំពុងស្នាក់នៅទីក្រុង Jeddahនឹងដឹកជញ្ជូនមកកម្ពុជាវិញនៅថ្ងៃស្អែក
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ចែងលើការទិញសំបុត្រយន្តហោះជូនពលករខ្មែរដែលកំពុងស្នាក់នៅទីក្រុង Jeddah រួចហើយ ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត ពលករទាំងនេះនឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីសុវត្ថិភាព។នេះជាការបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្រភពក្រសួងការងារបានឳ្យដឹងថា ឯកឧត្តម ហេង សួរ កាលពីអធ្រាត្រម៉ោង ១១:៣៨នាទីថ្ងៃព្រហស្បតិ៍ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានជួបផ្ទាល់តាមប្រព័ន្ធវិដេអូជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួចហើយ ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។
ប្រភពក្រសួងការងារបានរំលេចថា ក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញអារម្មណ៍ធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ”៕
ដោយ: វណ្ណលុក




