បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជា គឺពិតជាមានសារៈសំខាន់ណាសម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ចិន

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី (WANG Yi) ដែលជាប្រមុខការទូតជាន់ខ្ពស់របស់ប្រទេសចិនមកកាន់ព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ត្បិតដូចយើងដឹងហើយថា នៅពេលដែលមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ គឺវារំលេចឲ្យឃើញអំពីភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បណ្ឌិតបានបន្តថា បើពិនិត្យមើលក្នុងកត្តាប្រវត្តិសាស្ត្រទំនាក់ទំនងការទូតកម្ពុជា-ចិន គឺមានអតីតកាលជាច្រើនសតវត្សមកហើយ ហើយទំនាក់ទំនងនេះត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាចិនជាច្រើនជំនាន់មកហើយ គឺតាងពីជំនាន់សម្តេចព្រះនរោត្តម សីហនុ ហើយបន្តមកដល់ថ្នាក់ដឹកនាំរបស់យើងជាបន្តបន្ទាប់ទៀត និងថ្នាក់ដឹកនាំប្រទេសចិនតាំងពីសម័យលោក ជូ អេងឡាយ រហូតមកទល់បច្ចុប្បន្ននេះឃើញថា ក្នុងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ គឺមានភាពស្អិតរមួត។ កត្តាប្រវត្តិសាស្ត្រ និងកត្តានៃទំនាក់ទំនងបុគ្គល នៃថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរនេះ គឺបានជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធស្អិតរបួតទ្វេឡើងថែមទៀត។

បណ្ឌិត គិន ភា បានបន្តទៀតថា បើពិនិត្យទៅលើទិដ្ឋភាពនយោបាយ គឺមានន័យថាកម្ពុជាគឺជាប្រទេសដែលមានសារៈសំខាន់មួយដែលបានក្លាយទៅជាមិត្តដែកថែបជាមួយនឹងប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ហើយដែលជាប្រទេសមហាអំណាចដែលកំពុងរះឡើងថ្មីបនៅក្នុងពិភពលោក។ ដូច្នេះទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់។ កត់សម្គាល់ឃើញថា ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វេទិកាតំបន់ និងអន្តរជាតិ។ ជាពិសេសឃើញថា កម្ពុជា និងចិន តែងតែចែករំលែកទស្សនរួមគ្នាលើបញ្ហាតំបន់ និងបញ្ហាសកលលោក។ អ្វីជាការកត់សម្គាល់ គឺការតម្កល់នៅសន្តិភាព ស្ថេរភាព តំបន់និងពិភពលោក វិបុលភាពនិងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នទាំងក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌសកល ដែលជាមូលដ្ឋានគ្រឹះនៃទស្សវិទ្យាសម្រាប់ប្រទេសទាំងពីរ ហើយទំនាក់ទំនងក្នុងទិដ្ឋភាពនយោបាយនេះឃើញថាប្រទេសទាំងពីរ គឺតែងតែឈរលើមូលដ្ឋាននៃគោលការណ៍បច្ចៈសីលាសន្តិសហវិជ្ជមាន។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា បើពិនិត្យទៅលើទិដ្ឋភាពខាងភូមិសាស្ត្រនយោបាយឃើញថា ប្រទេសចិន និងកម្ពុជា គឺត្រូវការគ្នាទៅវិញទៅមក ហើយទំនាក់ទំនងល្អជិតស្និទ្ធស៊ីជម្រៅរបស់កម្ពុជាជាមួយប្រទេសចិននេះ ក៏ជាកូនជញ្ជីងដ៏សំខាន់មួយដែរនៅក្នុងការរក្សានៅតុល្យភាពនៃនយោបាយការបរទេសរបស់ខ្លួនជាមួយបណ្តាប្រទេសទាំងនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

បណ្ឌិតបានបន្តទៀតថា បើពិនិត្យទៅលើទិដ្ឋភាពសេដ្ឋកិច្ច ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងជំរុញការវិនិយោគរបស់ចិនមកកាន់កម្ពុជាកាន់តែមានទំហំធំទ្វេឡើង ហើយរំពឹងទុកអំពីការស្តារឡើងវិញនៅមុខមាត់ នៃក្រុងព្រះសីហនុ ដែលអគារជាប់គាំងទាំងអស់នោះនឹងត្រូវបានបន្តការវិនិយោគ ការធ្វើពាណិជ្ជកម្ម ហើយនិងគម្រោងសំខាន់ៗដទៃទៀត។ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏រំពឹងថា នឹងត្រូវបានជម្រុញផងដែរ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច។ ប្រទេសចិននឹងបន្តគាំទ្រកម្ពុជានៅក្នុងដំណើរការ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួនតាមរយៈការផ្តល់ជំនួយផ្សេងៗមកដល់ប្រទេសកម្ពុជា។

បណ្ឌិត គិន ភា បានបញ្ជាក់ទៀតថា បើពិនិត្យលើទិដ្ឋភាពសង្គម វប្បធម៌ តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់កម្ពជានឹងជំរុញមានការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែមានភាពមមារញឹក នឹងសកម្មទ្វេឡើងថែមទៀត។ ជាពិសេសឆ្នាំនេះ គឺជាឆ្នាំដែលថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សង្ឃឹមថា ឆ្នាំនេះភ្ញៀវទេសចរចិននឹងអញ្ជើញមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ត្បិតយើងចងចាំនៅឆ្នាំ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាខែកុម្ភៈ គឺប្រទេសចិន ប្រជាជនចិន សម្តែងនៅសមានចិត្តចំពោះប្រទេសកម្ពុជាយ៉ាងខ្លាំងជាទីបំផុត ពីព្រោះវត្តមានសម្តេចតេជោកាលពីខែកុម្ភៈ ឆ្នាំ២០២០ នៅប្រទេសចិន គឺបង្ហាញពីការគាំទ្រ និងសាមគ្គីភាពជាមួយប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលពេលនោះយើងត្រូវចងចាំថា មានប្រទេសជាច្រើនមិនត្រឹមតែមិនបានបង្ហាញជំហរឈរនៅជាមួយប្រទេសចិនក្នុងស្ថានភាពលំបាកទេ ក៏ប៉ុន្តែពួកគេថែមទាំងបានបិទព្រំដែនជាមួយប្រទេសចិន បិទផ្លូវអាកាសជាមួយប្រទេសចិន បញ្ជូនប្រជាជន និងនិស្សិតរបស់ខ្លួនចេញពីប្រទេសចិនទៅទៀត។ ប៉ុន្តែផ្ទុយទៅវិញសម្តេចតេជោ ហ៊ុន សែន ពេលនោះជាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាបានធ្វើដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិននាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ត្រូវបានប្រជាជនចិនជាច្រើនលាននាក់ ចាត់ទុកជាការគាំទ្រយ៉ាងធំធេងសម្រាប់ប្រទេសចិនននៅក្នុងពេលវេលាដ៏លំបាកក្នុងបរិបទ នៃកូវីដ១៩។ ឥឡូវនេះ កូវីដ-១៩ បានបាត់ទៅហើយ ថ្វីបើមានបន្តិចបន្តួចក៏ប៉ុន្តែយើងអាចគ្រប់គ្រងបាន។ យើងរំពឹងវត្តមាននៃភ្ញៀវទេសចរចិនមកកាន់កម្ពុជាមកកាន់តំបន់ទេចរណ៍ផ្សេងៗ ដែលនឹងជាកត្តារួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជារបស់យើង៕
ដោយ៖ ពលជ័យ

ads banner