សម្ដេចធិបតី ហ៊ុន ម៉ាណែត គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានយោធាដនមឿង នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងត្រូវបានទទួលស្វាគមន៍ដោយលោក Vorapun Srivoranart អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីខាងកើត ក្រសួងការបរទេសថៃ និង លោក Hirohito Toda លេខាធិការប្រតិបត្តិរង នៃគណៈកម្មការ ESCAP ព្រមទាំង ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២២ មេសា ២០២៤ ។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីមាតុភូមិនៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដើម្បីចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» តបតាមការអញ្ជើញរបស់លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific-ESCAP) ក្នុងនោះសម្តេចធីបតី នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នេះផងដែរ ។
សន្និបាតប្រចាំឆ្នាំនេះ នឹងពិភាក្សាអំពីសក្តានុពល នៃបច្ចេកវិទ្យាឌីជីថល នឹងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
គួរបញ្ជាក់ថា គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តបេសកកម្មការទូតក្រៅប្រទេស ជាលើកទី១៤ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់ និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ ផេកសម្ដេចធិបតី