ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការចុះបញ្ជីដីធ្លី ជាកិច្ចការប្រវត្តិសាស្ត្រ មួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា

(បន្ទាយមានជ័យ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកកិច្ចការចុះបញ្ជីដីធ្លីបញ្ចប់វិវាទ គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា ហើយអ្វីដែលយើងបានអនុវត្តនេះ គឺសំដៅទៅបញ្ចប់ឲ្យបានមុនឆ្នាំ ២០២៩ ដើម្បីគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។

នេះជាប្រសាសន៍លើកឡើងក្នុង កិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ជាមួយការពន្លឿនមន្ទីរក្រោមឱវាទ រួមនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកភាពគ្នាពន្លឿនការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តនេះឱ្យបានរួចរាល់ឆាប់រហ័សតាមការគ្រោងទុក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនេះគឺបានទទួលនូវការស្វាគមន៍ និងការសាទរជាច្រើន ដែលនេះគឺជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ និងជាជោគជ័យមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះបញ្ជីដីធ្លីនេះក៏បានបញ្ចប់នូវវិវាទដីធ្លីជាច្រើនរវាងបុគ្គលនិងបុគ្គល និងបានបង្កើតនូវបរិយាកាសដែលមិនមានវិវាទនៅកម្ពុជា ហើយទិន្នន័យដែលក្រសួងអាចរៀបចំបាននេះ នាពេលខាងមុខក្រសួងនឹងបម្រើសេវាសាធារណៈតាមរយៈសេវាគាប់ចិត្តតាមបច្ចេកវិទ្យាឌីជីថលដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចប្រើប្រាស់បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងអគ្គនាយកលំនៅដ្ឋានត្រូវចូលរួមសហការគ្នាជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងការអនុវត្តការងាររៀបចំប្លង់គោល ការរៀបចំក្រុង លំនៅឋាន ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើង និងលំហសាធារណៈស្របតាមសក្តានុពលរបស់ខេត្តដើម្បីកែលម្អខេត្តនេះឱ្យក្លាយជាទីដែលមានបរិយាកាសប្រកបដោយផាសុកភាពនិងផ្ដល់សុខមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋ។

បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ នៅសល់ប្រមាណ ៣២៥ ០០០ ក្បាលដីទៀតដែលកំពុងអនុវត្តនិងជំរុញនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធដើម្បីសម្រេចបញ្ចប់ការចុះបញ្ជីឱ្យបានរួចរាល់ទាំងស្រុងនាឆ្នាំ ២០២៥ ខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន: ម៉ាស៊ីនវាស់វែង ២០ គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោងLASED III, កុំព្យូទ័រDesktop ៤គ្រឿង, កុំព្យូទ័រLaptop ៤គ្រឿង, ម៉ាស៊ីនព្រីនធ័រ A4ចំនួន ៣ គ្រឿង, ម៉ាស៊ីនស្គែន ៤ គ្រឿង, និងម៉ាស៊ីនព្រីនធ័រ Epson ៩គ្រឿងផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner