មួយខែទៀតបើគ្មានភ្លៀង កម្ពុជានឹងខ្វះទឹកធ្ងន់ធ្ងរ ស្ទឹង បឹង ដៃទន្លេផ្តើមរីងខះ

ភ្នំពេញ៖ ចាប់ពីព្រែក ស្ទឹង បឹងបួរ រហូតដល់ដៃទន្លេ នៅទូទាំងប្រទេសកម្ពុជា ផ្តើមរីងខះបណ្តើរៗ ដោយសារតែអាកាសធាតុក្តៅហួតហែង គ្មានភ្លៀងធ្លាក់។ ទេសរដ្ឋមន្រ្តី ឯកឧត្តម គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ទូរទស្សន៍អប្សរាថា មួយខែទៅមុខទៀត បើនៅតែគ្មានភ្លៀងកក់ខែ កម្ពុជាអាចប្រឈមនឹងកង្វះទឹកធ្ងន់ធ្ងរ ទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រព។

ឯកឧត្តម គន់ គីម បញ្ជាក់ថា ភូមិសាស្ត្រភាគខាងជើង ភាគឦសាន និងភាគពាយ័ព្យ ជាតំបន់ប្រឈមខ្លាំងជាងគេ។ ការណ៍នេះដោយសារតែ ចាប់ពីខែមីនា មកដល់ពេលបច្ចុប្បន្ននេះ ធាតុអាកាសមានការប្រែប្រួលខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ជាក់ស្តែង សីតុណ្ហភាព មានការកើនឡើងជាលំដាប់ក្នុងកម្រិតចាប់ពី៣៨ ដល់ ៤២ អង្សាសេ។

ខេត្តតាកែវស្ថិតក្នុងចំណោមខេត្តរងគ្រោះ។ បឹងបត់រកា ដែលជាប្រភពផ្គត់ផ្គង់ទឹកនៅក្នុងស្រុកសំរោង និងបឹងអូរតុំ ស្ថិតក្នុងស្រុកទ្រាំង ដែលជាប្រភពផ្គត់ផ្គង់ទឹកនៃផ្នែកមួយចំនួននៃខេត្តតាកែវ បានចាប់ផ្តើមរីងស្ងួតដោយកន្លែង ទោះមិនទាន់ធ្ងន់ធ្ងរខ្លាំង។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានប្រាប់ទូរទស្សន៍អប្សរាថា បើសិនជានៅតែគ្មានភ្លៀវធ្លាក់ ប្រភពទឹកដែលនៅសេសសល់ នឹងបន្តរីងហួតបន្តទៀត។

ឯកឧត្តម បានបញ្ជាក់ថា៖«ជារួមក្នុងចំណោម២៦ ស្ថានីយនេះ គឺទើបតែមានពីរស្ថានីយនេះទេ ដែលវាមានបញ្ហា។ ក្រៅពីហ្នឹង គឺអត់មានបញ្ហាអ្វីទេ។ លើកលែងតែភាពរាំងស្ងួតវាអួសបន្លាយ ពីមួយខែ ទៅពីរខែ អាចមានបញ្ហាប្រឈមកន្លែងផ្សេងៗទៀត ឱ្យមានការប្រុងប្រយ័ត្ន។ យើងគិតថា ទឹក កំពុងតែខ្វះខាត ចឹងធ្វើមិច ណែនាំឱ្យប្អូនអាជីវករយើង កាត់បន្ថយការប្រើប្រាស់ ក្នុងកម្រិតមួយសន្សំសំចៃ ចៀសវាងកុំឱ្យខ្ជះខ្ជាយ»។

ស្ថានភាពនេះគឺស្របគ្នានឹងរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទដែរ។ ក្រសួងនេះបានណែនាំឲ្យអាជ្ញាធរប្រមូលទិន្នន័យពីការរីងស្ងួតនៃប្រភពទឹកនានានៅទូទាំងប្រទេសដើម្បីចាត់វិធានការទាន់ពេលវេលា និងបានអំពាវនាវឲ្យប្រជាជនប្រើទឹកដោយសន្សំសំចៃ។

អាកាសធាតុក្តៅឆ្នាំនេះ មួយផ្នែកជាឥទ្ធិពលពីរលកកម្តៅ El Nino និងជាផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ដែលកំពុងគំរាមគំហែងពិភពលោក។ លោក ចាន់ សុផល នាយកមជ្ឈមណ្ឌល សិក្សាគោលនយោបាយ ធ្លាប់បានប្រាប់ទូរទស្សន៍អប្សរាថា រដ្ឋាភិបាលគួររៀបចំឲ្យមានថែមទៀតនូវធនធានទឹកបម្រុង ដូចជាការជីកស្រះសហគមន៍ជាដើម ដែលនឹងជួយសម្រួលក្នុងគ្រាខ្សត់ទឹកដូចពេលបច្ចុប្បន្ន៕
 ដោយ:ឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner