មិត្តភាព កម្ពុជា ចិន នឹងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដ៏គួរឲ្យទុកចិត្ត របស់កម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។
 
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ឯកឧត្តម Wang Yi  ដោយសម្ដេចបានចាត់ទុកថាឯកឧត្តម ជាមិត្តចាស់របស់សម្ដេច ដែលធ្លាប់បានធ្វើការជាមួយគ្នាជាយូរណាស់មកហើយ។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកថាកាលពីខែសីហាកន្លងទៅនេះ ឯកឧត្តម Wang Yi ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ផងដែរ ដែលរហូតមកដល់ពេលនេះមិនដល់រយៈពេលមួយឆ្នាំផង ឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា។

សម្ដេចតេជោ បន្តទៀតថា ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ក្រោយពេលនៃការផ្លាស់ប្ដូរ អ្នកបន្តវេនជំនាន់ក្រោយ ដែលពេលនេះអ្វីៗគឺដំណើរការទៅដោយរលូន ទាំងស្ថិរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍជាបន្តបន្ទាប់ ។
 
សម្ដេចតេជោ ក៏បានអរគុណ ឯកឧត្តម Wang Yi ចំពោះដំណើរទស្សនកិច្ចនៅពេលនេះមកកាន់កម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ។
 
ឯកឧត្តម Wang Yi បានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជាដែលបានទទួល ឯកឧត្តម យ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោអំពីសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះកាលពីព្រឹកមិញ ដែលបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយអ្វីៗរវាងប្រទេសយើងទាំងពីរក៏ដូចជាបក្សទាំងពីរ គឺយើងបានឈានដល់ដំណាក់កាលថ្មីមួយទៀត។ ឯកឧត្តមបានលើកសរសើរពីគុណសម្បត្តិរបស់សម្ដេចតេជោ ដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការផ្ទេរអំណាចពីជំនាន់ចាស់មកកាន់ជំនាន់ថ្មី ដោយភាពរលូន ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជិនពីង  ប្រធានាធិបតីចិន ពីឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង ពី ឯកឧត្តម ប្រធានសភាចិន និងថ្នាក់ដឹកនាំចិនដទៃទៀត។

ឯកឧត្តមក៏បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលកន្លងទៅថ្មីៗនេះ ហើយអបអរសាទរចំពោះសម្តេចតេជោដែលក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះផងដែរ។
 
ឯកឧត្តម Wang Yi សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី នឹងបន្តតួនាទី ក៏ដូចជា ទំនាក់ទំនងល្អជាមួយចិន ដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក។ ឯកឧត្តម Wang Yi ក៏បានកោតសរសើរចំពោះភាពរីកលូតលាស់យ៉ាងលឿននៃទីក្រុងភ្នំពេញដែលក្នុងរយៈពេលតែជាង៨ខែកន្លងមកនេះ គឺមានការប្លែកច្រើន  ហើយជីវភាពប្រជាជនក៏មានការរីកចម្រើនផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលកើតមានឡើងនេះគឺកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចជាអ្នកនយោបាយដែលមានចក្ខុវិស័យច្បាស់លាស់ ។
 
ឯកឧត្តមបន្តទៀតថា ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូរពីជំនាន់ចាស់មកជំនាន់ថ្មីនេះ គឺបានដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយឯកឧត្តមសង្ឃឹមថា មិត្តភាពរវាងកម្ពុជា និងចិន និងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដ៏គួរឲ្យទុកចិត្ត របស់កម្ពុជា។ ឯកឧត្តមបានសន្យាថា ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី គាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ រឹងមាំនិងរីកចម្រើនបន្ថែមទៀត ។
 
សម្ដេចតេជោប្រធានព្រឹទ្ធសភា កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Wang Yi  ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសចិន។ សម្ដេចក៏បានមានប្រសាសន៍ជំរុញឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner