ឯកឧត្តម ហ៊ុន ម៉ានី ណែនាំក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បន្តរៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយពីការរៀនជំនាញវិជ្ជាជីវៈ និងការចូលរួមប្រឡង មន្ត្រីរាជការស៊ីវិល

(កំពង់ស្ពឺ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការណែនាំដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បន្តរៀបចំវេទិកាសាធារណៈ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈល្អជូនប្រជាពលរដ្ឋ និងបង្កើនឱកាសដល់យុវជន តាមបណ្តាមូលដ្ឋាន បានដឹងនិងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្នជាដើម ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីក្ដាប់នូវស្ថានភាពការងារជាក់ស្ដែង ពិនិត្យបន្ថែមលើទិសដៅការងារមូលដ្ឋាន រួមទាំងប្រមូលនូវបញ្ហាប្រឈម សំណើ និងសំណូមពរនានា ដើម្បីចាត់វិធានការដោះស្រាយ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក ក្រុមការងារជនបង្គោលរបស់ក្រសួងមុខងារសាធារណៈ ទទួលបន្ទុកការងាររាជរដ្ឋាភិបាលរាជធានី ខេត្ត ក្រុមការងារចល័ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធប្រមាណ ១២០នាក់ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលដែលសម្រេចបាន គឺពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវជាក្រុមការងារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលបានសហការការងារ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលដ៏ខ្លី ស្របតាមការណែនាំ និងការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់ថា ប្រមាណ ៤ខែចុងក្រោយនេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងខ្លឹមសារ ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់នៅមូលដ្ឋានលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីកែទម្រង់នានា របស់រាជរដ្ឋាភិបាលសំដៅលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរផង ក៏ដូចជាសិក្សាពីស្ថានភាព ឬបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន រាយការណ៍ជូនរាជរដ្ឋាភិបាល ក្នុងគោលដៅស្វែងរកដំណោះស្រាយ និងដើម្បីបំពេញបន្ថែមតម្រូវការនានា ដែលប្រជាពលរដ្ឋ ត្រូវការចាំបាច់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពផង ។

ឯកឧត្តមបានបន្តលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ណែនាំ ដល់ក្រុមការងារទាំងអស់ ឱ្យបន្តការងារស្នូលដែលក្រុមការងារបាន និងកំពុងធ្វើ និងធ្វើរបាយការណ៍ជាប្រចាំដាក់ជូនថ្នាក់ដឹកនាំជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់ ក្រុមការងារ បន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ ក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល និងជួយសម្របសម្រួលការងារផ្សេងៗជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសដល់យុវជន តាមបណ្តាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្នជាដើម។

ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា ក្រុមការងារទាំងអស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តអនុវត្តតួនាទី ភារកិច្ចកាន់តែខ្ជាប់ខ្ជួន ស្របតាមការណែនាំ តម្រង់ទិសរបស់រាជរដ្ឋាភិបាល និងប្រកបដោយភាពច្នៃប្រឌិត តាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner