កិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
(បន្ទាយមានជ័យ)៖ បន្តការការពារឲ្យបានដាច់ខាត នូវសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការធានារក្សា សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រាប់ការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤ ២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។
ឯកឧត្ដម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្ថិតក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌ និងប្រសិទ្ធភាព និងចិរភាពដោយផ្ដោតលើវិស័យអាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីបន្តកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និង២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល បញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះបានកំណត់នៅ យុទ្ធសាស្ត្រសំខាន់ៗ ដោយផ្ដោតលើបណ្តុំការងារ ឬចង្កោមសកម្មភាពធំៗដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕
ដោយ ៖ ឃិន គន្ធា