៣ខែដើមឆ្នាំ មេធំ Facebook ចំណេញជាង ១២ពាន់លានដុល្លារ
សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានប្រកាសនៅថ្ងៃពុធថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន ក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៤ បានកើនឡើងដល់ ១២.៤ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណូលសរុប ភាគច្រើនរកបានពីការលក់ការផ្សាយពាណិជ្ជកម្មមានចំនួន ៣៦.៥ពាន់លានដុល្លារ កើនឡើងចំនួន ២៧ភាគរយ។
លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Meta បានគូសបញ្ជាក់ថា យើងប៉ាន់ប្រមាណថា មនុស្សជាង ៣.២ពាន់លាននាក់ប្រើប្រាស់យ៉ាងហោចណាស់កម្មវិធីមួយរបស់យើងជារៀងរាល់ថ្ងៃ ហើយយើងកំពុងមើលឃើញកំណើនដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិក។
ទន្ទឹមគ្នា អ្នកវិភាគបាននិយាយថា ការរីកចម្រើនរបស់ក្រុមហ៊ុន Meta គឺដោយសារតែឧបករណ៍ផ្សាយពាណិជ្ជកម្មដ៏ទំនើបរបស់ខ្លួន និងភាពជោគជ័យនៃ “Reels” ដែលជាកម្មវិធីវីដេអូខ្លីៗ មានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធី TikTok។
ការជំរុញមួយផ្សេងទៀតដល់អាជីវកម្មរបស់ខ្លួន គឺនៅចុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន Meta គ្រោងនឹងចាប់ផ្តើមលក់ការផ្សាយពាណិជ្ជកម្មនៅលើ Threads ដែលជាវេទិកាផ្ញើសារ ស្រដៀងទៅនឹងបណ្តាញសង្គម X។
គួរបញ្ជាក់ថា ការកើនឡើងនៃការលក់ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន Meta បានបន្តការស្ទុះងើបឡើងវិញចាប់តាំងពីឆ្នាំ២០២៣ ដោយសារតែយុទ្ធសាស្រ្តកាត់បន្ថយការចំណាយច្រើន រួមទាំងការបញ្ឈប់បុគ្គលិកពីការងារយ៉ាងច្រើននៅក្នុងអ្វីដែលលោក Zuckerberg ហៅថា “ឆ្នាំដ៏មានប្រសិទ្ធភាព” ឬ “Year of efficiency”។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Meta កម្លាំងពលកម្មសកលរបស់ខ្លួន ឥឡូវនេះមានចំនួនជិត ៧ម៉ឺននាក់ (៦៩.៣២៩នាក់) ពោលគឺច្រើនជាងត្រីមាសមុនបន្តិច ប៉ុន្តែធ្លាក់ចុះពីចំនួនបុគ្គលិកច្រើនជាង ៨ម៉ឺននាក់ (៨៧.០០០នាក់) ក្នុងឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា