សេដ្ឋីភេសជ្ជៈប៉ូវកម្លាំងវៀតណាម ឆបោកប្រាក់ ៤០លានដុល្លារ

តុលាការនៅទីក្រុង ហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចឲ្យកាត់ទោស មហាសេដ្ឋីលក់ភេសជ្ជៈប៉ូវកម្លាំង ល្បីឈ្មោះម្នាក់ ឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ ក្រោយរកឃើញថា បានឆបោក ប្រាក់៤០លានដុល្លារអាមេរិក។

សាលក្រមបានសម្រេចឲ្យលោក Tran Qui Thanh អាយុ ៧១ឆ្នាំ ប្រធានក្រុមហ៊ុន Tan Hiep Phat និងកូនស្រីពីរនាក់ទៀត មានពិរុទ្ធ ដោយបានឆបោកអ្នកវិនិយោគ ទាក់ទងប្រាក់កម្ចី និងទ្រព្យបញ្ចាំ ចន្លោះពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០។ កូនស្រីម្នាក់ របស់លោក វ័យ៤០ឆ្នាំ ត្រូវបានតុលាការសម្រេចឲ្យជាប់គុក ៣ឆ្នាំ ហើយម្នាក់ទៀត វ័យ៤៣ឆ្នាំ ជាប់គុក ៤ឆ្នាំ។ លោក Thanh ព្រមទទួលយកការសម្រេច របស់តុលាការ។

គួរបញ្ជាក់ថា អំឡុងយុទ្ធនាការបង្ក្រាបអំពើពុករលួយដ៏ខ្លាំងក្លារបស់វៀតណាម នាប៉ុន្មានឆ្នាំមកនេះ ធុរជនកំពូលៗ និងមន្ត្រីជាន់ខ្ពស់ ជាង៤៤០០នាក់ បាននិងកំពុងកាត់ទោស ជាបន្តបន្ទាប់។ ក្នុងនោះ សំណុំរឿងក្លែងបន្លំ ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ គឺករណីមហាសេដ្ឋីនី អចលនទ្រព្យ លោកស្រី Truong My Lan ដែលទើបត្រូវបានកាត់ទោសប្រហារជីវិត កាលពីដើមខែនេះក្រោមការចោទប្រកាន់ថាបានបោកប្រាក់២៧លានដុល្លារ។

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner