បំផុសស្មារតីអាជីវករខេត្តកែបឳ្យចូលរួមសម្អាតប្លាស្ទិកនៅឆ្នេរអង្កោល

កែប៖ មន្ទីរបរិស្ថានខេត្តកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ បានរៀបចំយុទ្ធនាការសម្អាតប្លាស្ទិកនៅតាមបណ្ដោយឆ្នេរអង្កោល ។សកម្មភាពនេះធ្វើឡើង ក្នុងគោលបំណងបញ្រ្ជាប និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ពិសេស អាជីវករ ភ្ញៀវទេសចរ អំពីយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន គឺ ស្អាត បៃតង និងនិរន្តរភាព ដោយផ្តោតសំខាន់លើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមបណ្តាទីតាំងអាជីវកម្មនៅតំបន់ឆ្នេរអង្កោលនេះ។

ក្នុងយុទ្ធនាការដែលបានប្រារព្ធកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមានលោកស្រី ទិត សុខា អភិបាលរងខេត្តកែប , លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានឳ្យដឹងថា បច្ចុប្បន្នឆ្នេរអង្កោលបានក្លាយជាទិសដៅថ្មីនិងមានសក្តានុពលខ្ពស់ក្នុងខេត្តកែប ។ភ្ញៀវទេសចរមកច្រើន ធ្វើឳ្យការទុកដាក់សំរាមនៅមានបញ្ហាប្រឈម ។ក្នុងនោះធុងសំរាមនៅមិនទាន់មានគ្រប់គ្រាន់ ហើយការយល់ដឹងរបស់ពលរដ្ឋ ។ជាពិសេសអាជីវករក៏នៅមិនទាន់ចេះទុកដាក់សំរាមឳ្យមានរៀបរយ។ក្នុងនាមមន្ទីរបរិស្ថាន កំពុងយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណាឳ្យឆ្នេរអង្កោលក្លាយជាឆ្នេរគ្មានសំរាមនៅថ្ងៃខាងមុខ តាមរយៈយុទ្ធនាការដែលធ្វើក្នុងថ្ងៃនេះ។

អាជីវករឆ្នេរអង្កោល កញ្ញា ស្រីឡាង បានបង្ហាញចំណាប់អារម្មណ៍ថា ការរៀបចំយុទ្ធនាការសម្អាតប្លាស្ទិកនៅឆ្នេរអង្កោលនេះ ជារឿងល្អ។នេះជាការបំផុសស្មារតីដល់អាជីវករទាំងអស់ឳ្យយល់ដឹងពីការរក្សាអនាម័យបរិស្ថានជាពិសេសនៅជុំវិញកន្លែងលក់ដូរ។ កញ្ញាយល់ថា កាលណាឆ្នេរអង្កោលគ្មានសំរាម នោះប្រាកដជាទាក់ទាញអ្នកទេសចរឳ្យមកកម្សាន្តកាន់តែច្រើន ហើយប្រាក់ចំណូលរបស់អ្នកលក់ដូរក៏នឹងកើនទៅតាមនោះដែរ៕
ដោយៈសិលា សារិន

ads banner