សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើជាប្រធានដឹកនាំ “មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី” នៅខែវិច្ឆិកាខាងមុខនេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានដឹកនាំ “មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី” (12 ICAPP GA) (អាណត្តិឆ្នាំ២០២៤-២០២៥) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានបន្តថា នៅក្នុងជំនួបជាមួយ ឯកឧត្តម ជុង អីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីគណបក្សនយោបាយនៅអាស៊ី និងតំណាងក្រុមគណបក្សនយោបាយជាដៃគូមកពីតំបន់អឺរ៉ុប អាហ្វ្រិក និងអាម៉េរិកឡាទីន។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សទីមួយនៅក្នុងគ្រួសារ ICAPP ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ក្នុងនោះកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ “ស្វែងរកអនាគត កាន់តែប្រសើរសម្រាប់អាស៊ី (Asia’s Quest for a Better Tomorrow) – និងមហាសន្និបាត ICAPP លើក ទី១២ នាឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា (A Quest for Peace and Reconciliation)៕
ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner