នាយករដ្ឋមន្រ្តីថៃប្រឈមនឹងការដកតំណែង ទាក់ទិនសំណុំរឿងតែងតាំងរដ្ឋមន្រ្តី
បាងកក៖ តុលាការកំពូលរបស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលយកញត្តិតវ៉ាមួយរបស់សមាជិកព្រឹទ្ធសភាថៃមួយក្រុម ដែលមានគោលបំណងដកតំណែងនាយករដ្ឋមន្រ្តីរបស់លោក សេដ្ឋា ថាវីស៊ីន ទាក់ទិននឹងការតែងតាំងរដ្ឋមន្រ្តីមួយរូប ដែលធ្លាប់ជាប់ទោស។

តុលាការធម្មនុញ្ញថៃ បានទទួលយកញត្តិដកលោក សេដ្ឋា ចេញពីតំណែងនាយករដ្ឋមន្រ្តី ដែលដាក់ដោយសមាជិកព្រឹទ្ធសភាចំនួន ៤០រូប ស្ថិតក្រោមច្បាប់ក្រមសីលធម៌ ប៉ុន្តែបានច្រានចោលសំណើសុំព្យួរតួនាទីរបស់លោក ដោយរង់ចាំការសម្រេចចិត្តនាពេលក្រោយទៀត។
ចៅក្រមបានបោះឆ្នោត ៦ទល់នឹង៣ ដើម្បីទទួលយកញត្តិ និងទុកពេល ១៥ថ្ងៃឱ្យលោក សេដ្ឋា ដើម្បីឆ្លើយតបករណីនេះ។ សំណុំរឿងនេះផ្តោតលើលោក Pichit Chuenban ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីនាពេលថ្មីៗនេះ ដែលជាមនុស្សធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទមើលងាយការផ្តន្ទាទោសរបស់តុលាការក្នុងឆ្នាំ២០០៨។
លោក Pichit ធ្លាប់ជាអតីតមេធាវីដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសារត្រកូល ស៊ីណាវ៉ាត់។ ប៉ុន្តែលោក Pichit កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បានលាលែងពីតួនាទីជារដ្ឋមន្ត្រីនៅការិយាល័យនាយករដ្ឋមន្រ្តីថៃវិញ ក្នុងគោលបំណងការពារលោកស្រី សេដ្ឋា បានលួចផុតពីសំណុំរឿងខាងលើ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា