កូរ៉េខាងជើងត្រៀមបាញ់ផ្កាយរណបចារកម្មយោធា តំបន់សមុទ្រ៣ប្រឈមគ្រោះថ្នាក់
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយផ្អែកតាមប្រភពពីឆ្មាំឆ្នេរសមុទ្រថា កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុន អំពីផែនការបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី២៧ ខែឧសភា និងថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងកំពុងរៀបចំដាក់ផ្កាយរណបចារកម្មយោធាមួយទៀតទៅក្នុងគន្លងតារាវិថី។
ឆ្មាំសមុទ្រជប៉ុនបាននិយាយថា ដំណើរការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង មានរយៈពេល៨ថ្ងៃ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដោយកូរ៉េខាងជើងបានជូនដំណឹងថា តំបន់ដែនសមុទ្រចំនួន៣អាចនឹងមានគ្រោះថ្នាក់ ក្នុងនោះមានតំបន់ដែនទឹកនៅជិតឧបទ្វីបកូរ៉េ និងកោះលូហ្សូន របស់ហ្វីលីពីន ជាកន្លែងដែលកម្ទេចកម្ទីគ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបរបស់ខ្លួនអាចនឹងធ្លាក់ចុះ នេះបើតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ។
កាសែតជប៉ុនដដែលបន្ថែមថា មន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នានៅក្នុងការហៅទូរស័ព្ទមួយ ដើម្បីជំរុញឱ្យរបបដឹកនាំរបស់លោក គីម ជុងអ៊ុន ផ្អាកផែនការនេះ ដោយសារការបាញ់បង្ហោះណាមួយ ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង នឹងបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។
កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ បានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងសកម្មភាពដែលទាក់ទាញការថ្កោលទោសជាអន្តរជាតិ ដោយសហរដ្ឋអាមេរិកបានហៅវាថា ជា “ការរំលោភយ៉ាងធ្ងន់ធ្ងរ” ដល់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
កូរ៉េខាងត្បូងក៏បានចោទដែរថា កូរ៉េខាងជើងបានទទួលជំនួយបច្ចេកទេសពីរុស្ស៊ី សម្រាប់ការបាញ់បង្ហោះផ្កាយរណប ជាថ្នូរនឹងការបញ្ជូនអាវុធទៅទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា