រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនដល់អ្នកពាក់ព័ន្ធអនុវត្ត
ពោធិ៍សាត់៖រដ្ឋបាលខេត្ត សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ។សិក្ខាសាលាបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ កាលព្រឹកថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២៤។
លោក ហៀម ឃួន អភិបាលរងតំណាងឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មមានសារៈសំខាន់សម្រាប់អ្នកអនុវត្ត។ពិសេសចំពោះប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ។ លោកបន្តថា ជាកត់សម្គាល់កន្លងមកប្រជាពលរដ្ឋមួយចំនួនជួបបញ្ហាលើកំហុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួន នៅក្នុងគល់បញ្ជីអត្រានុកូលដ្ឋាន និងសំបុត្រអត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាណដទៃទៀត។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋខ្លះ បានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ដែលជាហេតុធ្វើឱ្យគាត់ជួបការលំបាក ក្នុងការស្នើសុំសេវាផ្សេងៗ។
លោកអភិបាលរងខេត្តបន្តថា ដោយយល់ឃើញពីសារៈប្រយោជន៍ និងសេចក្ដីត្រូវការជាបន្ទាន់នៃអត្រានុកូលដ្ឋាន ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាកែតម្រូវទិន្នន័យ ក្នុងបញ្ជីអត្រានុកូលដ្ឋាន ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ។
ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សារ៉ា អគ្គនាយករងតំណាងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមផ្ដោតការយកចិត្តទុកដាក់ ស្ដាប់នូវបទបង្ហាញ អំពីខ្លឹមសារសំខាន់ៗដែលគ្រូឧទ្ទេសបង្ហាញជូន ព្រមទាំងលើកជាសំណួរនិងចម្ងល់ផ្សេងៗឱ្យបានផុលផុស ដើម្បីឱ្យសិក្ខាសាលាទទួលបានលទ្ធផលល្អដូចការគ្រោងទុក ជាមូលដ្ឋានសម្រាប់យកទៅអនុវត្តក្នុងការចុះបញ្ជីអត្តសញ្ញាណកម្មផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ថ្មី៕
ដោយ៖ចេង ពុំ