ក្រុមអ្នកជំនាញកំពុងធ្វើការជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីរបស់ប្រាសាទអង្គរវត្ត
(ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបាននិង កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគជាន់ផ្ទាល់ដី ផ្នែកខាងលិចនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ។
ទាក់ទិនក្នុងរឿងនេះលោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្ស ប្រាសាទ អង្គរវត្ត ឱ្យដឹងថា បង្កាន់ដៃនាគ និងជើងទម្រធ្វើអំពីថ្មភក់ប្រវែង២២ម៉ែត្រ នៅផ្នែក ខាងលិច នៃជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាត ដោយ សារកត្តាអាយុកាល ទឹកភ្លៀងហូរច្រោះ បណ្ដាលឱ្យថ្មខឿនញែកចេញពីគ្នា និងធ្វើឱ្យ ទ្រេតខ្លាំងប្រឈមនឹងការដួលរលំ។
លោក សុភារិន្ទ បន្ថែមទៀតថា ដើម្បីជួសជុលបង្កាន់ដៃនាគ ជើងទម្រនាគ ឱ្យបានល្អ រឹងមាំ និងមានសោភ័ណភាពឡើងវិញ ក្រុមការងារត្រូវលើកបង្កាន់ដៃ និងក្បាលនាគ រុះរើផ្ទាំងថ្ម ដែលជាខឿននៃបង្កាន់ដៃនាគចេញ រួចហើយសម្អាតកម្ទេចដីឱ្យស្អាត។ បន្ទាប់មក ក្រុមការងារត្រូវរៀបចំពង្រឹងគ្រឹះ ដោយបន្ថែមល្បាយដី រៀបថ្មឱ្យ អិបចូលគ្នា ជួសជុលខ្លួននាគ ឬឆ្លាក់ថ្មថ្មីជំនួសវិញ ព្រមទាំងជួសជុលជើងទម្រនាគ ឱ្យមានភាពរឹងមាំសិន ទើបរៀបចំដាក់បញ្ចូលតាមកន្លែងដើមវិញ។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាទើបតែបញ្ចប់ការជួសជុលបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី នាផ្នែកខាងកើតនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ជាស្ថាពរកាលពរចុងឆ្នាំ២០២៣កន្លងមក៕
ដោយ៖ម៉ាដេប៉ូ