អ៊ីស្រាអែលប្តេជ្ញារំដោះចំណាប់ខ្មាំងទាំងអស់ ក្រោយជួយសង្រ្គោះបាន៤នាក់

ហ៊្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា អ៊ីស្រាអែលនឹងមិនចុះចាញ់ចំពោះអំពើភេរវកម្មឡើយ បន្ទាប់ពីកងទ័ពកាលពីថ្ងៃសៅរ៍បានជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់នៅរស់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធនៅតំបន់ Gaza Strip។

ការអះអាងបែបនេះរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីចំណាប់ខ្មាំងទាំងបួននាក់ ត្រូវបានកងទ័ពអ៊ីស្រាអែលជួយសង្គ្រោះដោយជោគជ័យ ក្នុងនោះមានឈ្មោះ Noa Argamani, Almog Meir Jan, Andrey Kozlov និង Shlomi Ziv។

យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំងបួនត្រូវបានចាប់ពង្រត់ដោយពួកសកម្មប្រយុទ្ធហាម៉ាស ពីពិធីបុណ្យតន្ត្រី Nova កាលពីថ្ងៃទី០៧ ខែតុលា។ ក្រោយជួយសង្គ្រោះ អ្នកទាំងបួនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពសុខភាពល្អ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសង្កត់ធ្ងន់ថា យើងនឹងមិនបញ្ឈប់ទេ រហូតដល់យើងបញ្ចប់បេសកកម្ម ហើយបញ្ជូនចំណាប់ខ្មាំងរបស់យើងទាំងអស់ត្រឡប់ទៅផ្ទះវិញ ទាំងអ្នកនៅរស់ និងអ្នកស្លាប់។

ទន្ទឹមគ្នា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួននៅតំបន់ហ្គាហ្សា ជាទីដែលចំណាប់ខ្មាំងបួននាក់ត្រូវបានជួយសង្គ្រោះ។

ការិយាល័យសារព័ត៌មាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនជនរងគ្រោះបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងជំរុំ Nuseirat បានកើនឡើងដល់ ២១០នាក់ ខណៈដែលមនុស្សប្រហែល ៤០០នាក់ទៀតបានរងរបួស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner