ត្រឹម១០ឆ្នាំ ខ្យល់ពុលកើតឡើងពីភ្លើងឆេះព្រៃ សម្លាប់មនុស្សជាង ៥ម៉ឺននាក់នៅអាមេរិក

កាលីហ្វ័រញ៉ា៖ យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងនាពេលថ្មីៗនេះថា ការបំពុលបង្កឡើងពីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បានសម្លាប់មនុស្សជាង ៥២,០០០នាក់ក្នុងរយៈពេល១០ឆ្នាំ ខណៈដែលភាគខាងលិចនៃសហរដ្ឋអាមេរិក នៅក្នុងរដូវក្តៅនេះ ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានភ្លើងឆេះព្រៃថែមទៀត។

តំបន់ព្រៃឈើ និងវាលស្មៅដ៏ធំត្រូវបានភ្លើងឆាបឆេះស្ទើររៀងរាល់ឆ្នាំ ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងផ្នែកផ្សេងទៀតនៃសហរដ្ឋអាមេរិក ដែលបង្កការខាតបង់រាប់លានដុល្លារ និងធ្វើឱ្យបាត់បង់ជីវិតមនុស្សផងដែរ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សារធាតុភាគល្អិតដែលបញ្ចេញពីភ្លើងឆេះព្រៃ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនក្នុងតំបន់។

ការសិក្សាមួយដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត Rachel Connolly មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៃទីក្រុងឡូសអេនជឺលេស បានរកឃើញសារធាតុពុលក្នុងខ្យល់តូចៗទាំងនេះ ដែលគេស្គាល់ថា PM2.5 ព្រោះវាមានទំហំត្រឹម ២.៥មីក្រូម៉ែត្រ ឬតូចជាងនេះ ដែលកំពុងឆក់យកអាយុជីវិតមនុស្សយ៉ាងច្រើន។

យោងតាមទិន្នន័យស្រាវជ្រាវចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៨ បានបង្ហាញថា យ៉ាងហោចណាស់មនុស្សប្រហែល ៥២,៤៨០នាក់បានស្លាប់មុនអាយុ ដោយសារតែការបំពុលខ្យល់បង្កឡើងពីភ្លើងឆេះព្រៃ។ ទន្ទឹមគ្នា ការចំណាយលើការព្យាបាលប្រជាជន ដែលរងផលប៉ះពាល់ពីការបំពុលនេះ ត្រូវបានគេគណនាថា មានទឹកប្រាក់រហូតដល់ ៤៣២ពាន់លានដុល្លារ។

ក្រុមអ្នកស្រាវជ្រាវក៏បានចេញផ្សាយការព្រមាននៅក្នុងទស្សនាវដ្តី Science Advances កាលពីថ្ងៃទី០៧ ខែមិថុនាថា ការគ្រប់គ្រងភ្លើងឆេះព្រៃពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងពេលប៉ុន្មានទសវត្សរ៍ខាងមុខទៀតនេះ ដោយសារគ្រោះរាំងស្ងួតកាន់តែមានសភាពធ្ងន់ធ្ងរឡើង បូករួមនឹងការប្រែប្រួលអាកាសធាតុ ខណៈដែលតំបន់ជាច្រើនងាយនឹងរងការឆាបឆេះ។

ការសិក្សានេះកើតឡើងចំពេលដែលរដ្ឋកាលីហ្វ័រញ៉ា និងផ្នែកផ្សេងទៀតនៃទ្វីបអាមេរិកខាងលិច កំពុងទទួលរងការវាយប្រហារពីរលកកំដៅដំបូងនៃឆ្នាំនេះ ខណៈដែលសីតុណ្ហភាពហក់ឡើងដល់ ៤៩អង្សាសេ។ រលកកំដៅនៅដើមរដូវក្តៅ បានធ្វើឱ្យមានការព្រួយបារម្ភថា នឹងក្លាយជារដូវភ្លើងឆេះព្រៃដ៏កាចសាហាវសម្រាប់ឆ្នាំ ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner