ឆេះអគារកម្មករបរទេស ស្លាប់មនុស្ស ៥០នាក់ នៅគុយវ៉ែត
បរទេស៖ ក្រសួងមហាផ្ទៃ នៃប្រទេសគុយវ៉ែត បានឲ្យដឹងថា មនុស្សប្រមាណ ៥០នាក់បានស្លាប់ ដោយសារតែគ្រោះអគ្គិភ័យ ឆាបឆេះអគារលំនៅដ្ឋានរបស់កម្មករបរទេស កាលពីថ្ងៃពុធ។
ក្រសួងមហាផ្ទៃបាននិយាយថា អគារមួយនេះ ស្ថិតនៅក្នុងតំបន់ Mangaf ។ ក្រៅពីស្លាប់មនុស្សរាប់សិបនាក់ ក៏នៅមានមនុស្ស ជាង១០នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី Sheikh Fahad Youssef Saud Al-Sabah រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសគុយវ៉ែត បានឱ្យដឹងថា ម្ចាស់អគារដែលជួបគ្រោះអគ្គភ័យ ត្រូវបានចាប់ឃាត់ខ្លួន រងចាំរហូតដល់ការស៊ើបអង្កេត បានបញ្ចប់រួចរាល់។
លោក ឧបនាយករដ្ឋមន្ត្រី Al-Sabah បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះ នៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ KUNA ថា «យើងនឹងដោះស្រាយបញ្ហាអគ្គិភ័យរន្ធត់នេះ ដោយផ្តោតលើការងារ ពាក់ព័ន្ធនឹងការផ្ទុកមនុស្សលើស និងការធ្វេសប្រហែសនានា»។
ប៉ូលិសបានប្រាប់ទូរទស្សន៍រដ្ឋគុយវ៉ែតថា មនុស្សប្រហែល ១៥០នាក់ ស្ថិតនៅលើអគារកើតហេតុការណ៍។ មូលហេតុមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែធុងហ្គាស និងសម្ភារៈដែលងាយឆេះជាច្រើន ត្រូវបានសង្ស័យថា ជំរុញដល់ឥទ្ធិពលនៃអគ្គិភ័យ រីករាលដាល យ៉ាងឆាប់រហ័ស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត