វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង បណ្តុះបណ្តាលមុខជំនាញមាន ៥ វិស័យ ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា

(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET DAY លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលរៀបចំឡើង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ។

លោក មុត ចិន្តា បានលើកឡើងថា បច្ចុប្បន្នវិទ្យាស្ថានមានអគារសរុបចំនួន ៥អគារ អគាររដ្ឋបាល ១អគារ អគារសិក្សា ២អគារ អគាររោងជាង ១អគារ អគារអន្តវាសិកដ្ឋាន ១អគារ និងរោងជាងជួសជុលរថយន្ត ២រោងជាង ។ វិទ្យាស្ថានមាននាយក ១រូប នាយករង ៤រូប ការិយាល័យចំនួន ៥ ដេប៉ាតឺម៉ង់ ចំនួន ០៦ មានបុគ្គលិកសរុបចំនួន ៦៥នាក់ ស្រី ០៩នាក់ គ្រូបច្ចេកទេសជាប់កិច្ចសិន្យា ០៦រូប ស្រី ០២រូប និងបុគ្គលិកអនាម័យ សន្តិសុខ ០៩រូប ស្រី ០៧រូប សរុប ៨០នាក់ ស្រី ១៧នាក់ ។ សិស្ស និស្សិតបញ្ចប់ការសិក្សា ចាប់ពីឆ្នាំ២០១៤-២០២៤សរុបចំនួន ៥៤៨២នាក់ ស្រី ២២៥៥នាក់ ។

លោកបានបន្ថែមថា វិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមាន ៥វិស័យ មានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។សិស្ស និស្សិតកំពុងសិក្សាសរុបចំនួន ១៧០១នាក់ ស្រី ៥១៨នាក់។

វិទ្យាស្ថាននេះ មានកិច្ចសហការ និងការចុះអនុសារណៈយោគយល់ជាមួយស្ថាប័នបណ្តុះបណ្តាល និងសហគ្រាស ក្រុមហ៊ុន ក្នុងប្រទេស និងក្រៅប្រទេស ក្នុងប្រទេសមាន វិទ្យាស្ថានក្រោមឱវាទរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរោងចក្រ សហគ្រាស ក្រុមហ៊ុន សរុបចំនួន ៣០ ។ នៅក្រៅប្រទេស មាន វិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យនៅប្រទេសវៀតណាមចំនួន២ ។ វិទ្យាស្ថានបច្ចេកទេស នៅប្រទេសចិនចំនួន ៣ ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវបានវាយតម្លៃទទួលស្គាល់គុណភាព ដោយក្រុមការងារទទួលស្គាល់គុណភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបាននិទ្ទេសល្អ។ វិទ្យាស្ថានត្រូវបានវាយតម្លៃទទួលស្គាល់គុណភាព ISO 9001-2015 ដោយក្រុមហ៊ុន Guadian International Certificate Ltd. ដែលបានចុះបញ្ជីនៅប្រទេសអង់គ្លេស។

ជាមួយគ្នានេះ លោកមុត ចិន្តា ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស ក្រុមហ៊ុន និងរូបវន្តបុគ្គល ដែលមានជំនាញហើយ មិនទាន់មានសញ្ញាបត្រ សូមចុះឈ្មោះចូលរួមធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីទទួលបានសញ្ញាបត្រ ។

លោក បានបន្ថែមថា ទិសដៅបន្តរបស់វិទ្យាស្ថានរួមមាន បន្តពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដោយបញ្ជូនទៅក្រៅប្រទេស តាមរយៈក្រសួង និងដៃគូនានា និងការពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យស្របនឹងតម្រូវការទីផ្សារការងារ ។ បន្តផ្សព្វផ្សាយ និងចុះជ្រើសរើសសិក្ខាកាម សិស្ស គ្រប់កម្រិតសិក្សា ជាពិសេសសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីបើកវគ្គបណ្តុះបណ្តាលជំហានបន្តបន្ទាប់ ។ បន្តចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តដើម្បីលើកទឹកចិត្តកម្មករ កម្មការិនី ឱ្យចុះឈ្មោះ វាយតម្លៃធ្វើតេស្តសមត្ថភាព ដើម្បីទទួលបានសញ្ញាបត្រទៅតាមកម្រិតជំនាញរបស់ខ្លួន ។ បង្កើនកិច្ចសហការជាមួយរោងចក្រសហគ្រាសបន្ថែមទៀត ដើម្បីទទួលសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាឱ្យចុះកម្មសិក្សា និងការងារ តាមតួនាទី និងសមត្ថភាពរបស់ពួកគាត់ ៕

នុត នាង

ads banner