អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ផ្តល់កូនឈើចម្រុះចំនួន ២ម៉ឺនដើម ដល់រដ្ឋបាល​ស្រុកវាលវែង គាំទ្រលើ«យុទ្ធនាការដាំដើមឈើ១លានដើម»

(ពោធិ៍សាត់)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា (WA) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានផ្តល់កូនឈើចម្រុះចំនួន២ម៉ឺនដើម ដល់រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងចំណោមកូនឈើចម្រុះដែលត្រូវបានប្រកាសផ្តល់ដល់ក្រសួងបរិស្ថានចំនួន ១៩៧ .០០០ដើម ដែលគាំទ្រលើ«យុទ្ធនាការដាំដើមឈើ១លានដើម» បន្ទាប់ពីបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន១៨ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។ ប្រភេទពូជកូនឈើរួមមាន ធ្នង់ គ្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត ដើម្បីយកទៅដាំនៅតំបន់ការពារទេសភាពភ្នំ១៥០០ ។

លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា ការបរិច្ចាគនេះ ជាការឆ្លើយ តបទៅនឹងយុទ្ធនាការដាំដើមឈើ១លានដើម ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន ។ លោកបន្ថែមថា «យើងរំពឹងថាកូនឈើដែលបានបរិច្ចាគនឹងជួយដល់ការស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»។
លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា កូនឈើដែលបានមកទាំងអស់នេះ នឹងត្រូវបានថែទាំប្រកបដោយភាពយកចិត្តទុកដាក់ និងយកទៅដាំនៅតំបន់ជើងភ្នំ១៥០០ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យដាក់តំបន់នេះជាគោលដៅអេកូទេសចរណ៍។ លោក ជឿជាក់ថា ការដាំកូនឈើចំនួន ២០.០០០ដើមនេះ គឺជាជំហានដំបូងដ៏ធំមួយក្នុងការកែប្រែស្រុកវាលវែងឱ្យក្លាយទៅជាគោលដៅអេកូទេសចរណ៍។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអះអាងថា ក្នុងចំណោមកូនឈើចំនួនជិត២០ម៉ឺនដើមនេះ គ្រោងនឹងបរិច្ចាគជូន ក្រសួងបរិស្ថាន ៨២.០០០ដើម, មន្ទីរបរិស្ថានខេត្តកោះកុង ៥ម៉ឺនដើម, មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ២ម៉ឺនដើម, មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ២ម៉ឺនដើម, និង រដ្ឋបាលស្រុកវាលវែង ២ម៉ឺនដើម។ កូនឈើចំនួន ៥ពាន់ដើម ដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំងតាមបណ្តោយផ្លូវជាតិលេខ៥៥ ។ ក្នុងចំណោមប្រភេទទាំងនោះ មានកូនឈើចំនួន៧ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង នេះបើយោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ។

លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង បានបង្ហាញពីការប្តេជ្ញាចិត្តដាំកូនឈើឡើងវិញនៅទីតាំងដែលរងការកាប់ទន្ទ្រាន ដើម្បីបង្កើនគម្រប់ព្រៃឈើ ព្រមទាំងស្នើដល់មន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងទប់ស្កាត់ការលួចកាប់ទន្ទ្រានព្រៃឈើពីសំណាក់ក្រុមជនខិលខូចមួយចំនួនតូតឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក អភិបាលរងស្រុកវាលវែង បានឱ្យដឹងដែរថា ការផ្តល់កូនឈើដល់រដ្ឋបាលស្រុកនៅពេលនេះ គឺដើម្បីឆ្លើយតបទៅយុទ្ធនាការ «ដាំដើមឈើមួយលានដើម»។ «ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ នៅការជួយឧបត្ថមកូនឈើ ដើម្បីដាំនៅស្រុកវាលវែង ក្នុងគោលបំណងអោយក្លាយជាធម្មជាតិបៃតងឡើងវិញ» ។
គួររំលឹកផងដែរថា កន្លងមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសធ្វើការដាំដើមឈើយ៉ាងតិចមួយលានដើមជារៀងរាល់ឆ្នាំ ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានបានធ្វើការរួមគ្នាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ ទៅលើកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner