ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជំរុញលើការពន្លឿនការងារតាក់ តែងសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ចឱ្យចប់មុនដំណាច់ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ បានជំរុញឱ្យពន្លឿនការងារតាក់តែងសេចក្តីព្រាង ច្បាប់ ស្តីពីអធិការកិច្ចឱ្យចប់មុនដំណាច់ឆ្នាំ២០២៤ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានថ្លែងក្នុងពិធីបិទ​សន្និបាតក្រសួងអធិការកិច្ចឆ្នាំ២០២៤ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងការធ្វើបច្ចុប្បន្នភាព​ទិន្នន័យមន្ត្រីរាជការក្រសួង គឺជាកិច្ចការអាទិភាពមួយនៅក្នុងរាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងបែបនេះ នាព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែមិថុនា និងបូកសរុបការងារឆមាសទី១ និងដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់អគ្គនាយកដ្ឋានទាំង៣ នាយកដ្ឋានសវនកម្ម វិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីររាជធានីខេត្តទាំង ២៥ ចំណុះក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច ។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដូចជា លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង នាយករងខុទ្ទកាល័យ ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមានការ ចូលរួមពីមន្ទីររាជធានី ខេត្តទាំង២៥ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសំលេង ZOOM ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចំពោះលទ្ធផលការងារដែលសម្រេចបាននៅក្នុងរយៈពេល៦ ខែកន្លងមក។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការការរៀបចំសេចក្តីព្រាងផែនការថវិកាប្រចាំឆ្នាំ២០២៥ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ត្រូវពង្រឹងធនធានមនុស្ស តាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល និង កែសម្រួលកម្មវិធីបណ្តុះបណ្តាលវិទ្យាស្ថានជាតិអធិការកិច្ច ឱ្យស្របនឹងតម្រូវការជាក់ស្តែង ។ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពបន្តសំខាន់ៗ សម្រាប់អនុវត្តនៅឆមាសទី២ ឆ្នាំ ២០២៤ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner