គណៈកម្មការទន្លេមេគង្គ និង យូសេដ ប្រកាសភាពជាដៃ គូដើម្បីពង្រឹងការគ្រប់គ្រងអាងទន្លេមេគង្គ
ភ្នំពេញ៖ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ អន្តរជាតិ ហៅកាត់ថា យូសេដ (USAID) បានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយជាមួយគណៈកម្មការ ទន្លេមេគង្គ (MRC) ដើម្បីផ្តល់ជំនួយរហូតដល់ ៥ លាន ដុល្លារអាមេរិក សម្រាប់ភាពជាដៃគូថ្មីនៃអាងទន្លេមេគង្គ។ ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងនៅលេខាធិការដ្ឋាន MRC បង្ហាញពីកិច្ចបន្តគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ច សហការឆ្លងដែន និងការគ្រប់គ្រងទឹក ក៏ដូចជាធនធាន ពាក់ព័ន្ធផ្សេងទៀត ដែលរួមចំណែកដល់ការសម្រេចបាននូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេរបស់ MRC ។
យោងតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មការទន្លេមេគង្គថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះផ្តល់ឱ្យ MRC នូវការបង្កើន ធនធានយ៉ាងសំខាន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអភិវឌ្ឍន៍នៅក្នុងយុទ្ធសាស្ត្រអាទិភាពរបស់ MRC។ យុទ្ធសាស្រ្តនេះផ្តល់ ជំនួយបច្ចេកទេសដល់ប្រទេសជាសមាជិករបស់ MRC រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការប្រមូល និងប្រើប្រាស់ ទិន្នន័យសម្រាប់ការសម្រេចចិត្តដែលផ្អែកលើព័ត៌មានគ្រប់គ្រាន់។ កិច្ចព្រមព្រៀងនេះក៏បានរួមបញ្ជូលភាគីពាក់ព័ន្ធនានា ដូចជាសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាដែល ជាប្រយោជន៍ដល់សុខុមាលភាពរបស់ទន្លេមេគង្គ។
ប្រភពដដែលពណ៌នាថា ភាពជាដៃគូថ្មីនេះជំរុញការប្តេជ្ញា ចិត្ត របស់ យូសេដក្នុងការបញ្ជូនមូលនិធិអភិវឌ្ឍន៍ច្រើនជាងមុនទៅកាន់ដៃគូក្នុងមូលដ្ឋានដោយផ្ទាល់។ វាក៏ស្របតាម អាទិភាពនៃភាពជាដៃគូ មេគង្គ-អាមេរិក ដើម្បីគាំទ្រស្វ័យភាព និងការរីកចំរើនប្រកបដោយចីរភាពនៃអនុតំបន់ទន្លេមេគង្គ។
បណ្ឌិត Steven G. Olive នាយកបេសកកម្មសម្រាប់ បេសកកម្មអភិវឌ្ឍន៍ប្រចាំតំបន់ក្នុងអាស៊ីរបស់ USAID មានប្រសាសន៍ថា៖ «USAID ប្តេជ្ញាក្នុងកិច្ចសហការជាដៃគូ ជាមួយថ្នាក់ដឹកនាំក្នុងតំបន់ ដែលរួមមានរដ្ឋាភិបាលក្នុងបណ្តា ប្រទេសទន្លេមេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈម ស្មុគស្មាញ ពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព កសាង ភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់វិបុលភាពសេដ្ឋ កិច្ច»។
មូលដ្ឋានគ្រឹះមួយទៀតនៃកិច្ចព្រមព្រៀងនេះគឺការកែលម្អបច្ចេកវិទ្យា និងឧបករណ៍សម្រាប់ការគ្រប់គ្រង អាងទន្លេ តាមរយៈប្រព័ន្ធចាប់សញ្ញាពីចម្ងាយ និងប្រព័ន្ធផ្កាយរណប។ លើសពីនេះទៀត ម៉ូដែលនិម្មិតនៃទីតាំង សំខាន់ៗនៅក្នុង អាងទន្លេ នឹងត្រូវបានបង្កើតឡើងដើម្បីវិភាគ និងប្រមើ មើលពីផលប៉ះពាល់ និងសក្ដានុពលនៃទឹកជំនន់ និងគ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន។
បណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃ MRC បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះគឺបង្ហាញពីការវិលត្រឡប់របស់ USAID ក្នុងការគាំទ្រដោយផ្ទាល់ដល់ MRC ដើម្បីបំពេញតម្រូវការ និងអាទិភាព ដែលមាននៅក្នុងផែនការ យុទ្ធសាស្រ្តរបស់ MRC ឱ្យកាន់តែប្រសើរជាងមុន។ តាមរយៈភាពជាដៃគូនេះ យើងអាចគាំទ្រប្រទេសជាសមាជិក បានកាន់តែប្រសើរឡើង ជាមួយនឹងទិន្នន័យ និង ឧបករណ៍ថ្មីៗ និងការជំរុញកិច្ចសន្ទនារួមជាមួយភាគី ពាក់ព័ន្ធទាំងអស់ ដែលនឹងរួមចំណែកដល់ភាពរឹងមាំនៃសហគមន៍ទាំងអស់ដែលពឹងផ្អែកលើទន្លេមេគង្គដ៏អស្ចារ្យមួយនេះ»។
កិច្ចសហការរវាង MRC និង USAID គូសបញ្ជាក់ពីការប្តេជ្ញា ចិត្តរួមគ្នាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាព ក្នុងតំបន់។ ដោយសារតែទន្លេមេគង្គបន្តប្រឈមមុខនឹង សម្ពាធកាន់តែខ្លាំងឡើងពីការប្រែប្រួល អាកាសធាតុ កំណើន ប្រជាជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កិច្ចខិតខំប្រឹង ប្រែងរួមគ្នាដែលសម្របសម្រួលដោយជំនួយនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធានានូវសុខភាព និងភាពរឹងមាំរបស់ទន្លេ មេគង្គ។
សូមជម្រាបថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ អន្តរជាតិ (USAID) គឺជាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិឈានមុខគេរបស់ពិភពលោក និងជាកាតាលីករជំរុញលទ្ធផលនៃការ អភិវឌ្ឍ។ ការងាររបស់ USAID គឺជំរុញសន្តិសុខជាតិ និងវិបុលភាពសេដ្ឋកិច្ច បង្ហាញពីទឹកចិត្តសប្បុរសរបស់អាមេរិក និងជំរុញនួវវិថីឆ្ពោះទៅរកអ្នកទទួលដែលពឹងផ្អែកលើខ្លួនឯង និងមានភាពធន់។ ចំណែកគណៈកម្មការទន្លេមេគង្គ គឺ ជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីជំរុញកិច្ចសន្ទនា និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅក្នុងអាងទន្លេមេគង្គក្រោម។ ដោយផ្អែកទៅតាមកិច្ច ព្រមព្រៀងទន្លេមេគង្គ រវាងប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម MRC បំពេញតួនាទីជាវេទិកាថ្នាក់តំបន់ សម្រាប់ការទូតទឹក ក៏ដូចជាជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះ ដើម្បីគ្រប់គ្រងធនធានទឹក និងគាំទ្រការអភិវឌ្ឍន៍តំបន់ប្រកប ដោយចីរភាព៕
ដោយ៖មុនី
រូបថតៈគណៈកម្មការទន្លេមេគង្គ