វៀតណាមដេញថ្លៃបង្កើតទីក្រុងឆ្លាតវៃ តម្លៃ១.៣ ពាន់លានដុល្លារ
ហាណូយ៖ ក្រុមហ៊ុនអចលនទ្រព្យវៀតណាម Conglomerate Vingroup បានដាក់ដេញថ្លៃក្នុងទំហំទឹកប្រាក់ ១.៣ ពាន់លានដុល្លារដើម្បីកសាងទីក្រុងឆ្លាតវៃ ឬ Smart City នៅសង្កាត់ Dong Anh ស្ថិតក្នុងទីក្រុង ហាណូយ។
ទីក្រុងឆ្លាតវៃមួយនេះ មិនទាន់មានឈ្មោះ នៅឡើយទេ ប៉ុន្តែ គ្រោងនឹងលាតសន្ធឹង លើផ្ទៃដី ២៦៨ ហិកតា ហើយរំពឹងនឹងមានប្រជាជនរស់នៅ ចំនួន ៣៨,៥០០ នាក់ ។ ការសាងសង់អាចបញ្ចប់រួចរាល់ នៅត្រឹមឆ្នាំ២០៣១ ។
បច្ចុប្បន្នសង្កាត់ Dong Anh ស្ថិតនៅភាគខាងជើងទីក្រុងហាណូយ មានផ្ទៃដី ១៨៥ គីឡូម៉ែត្រក្រឡា និងមានប្រជាជនចំនួន ៤៣៧,០០០ នាក់ កំពុងក្លាយជាចំណុចត្រូវប៉ាន់នៃគម្រោងសាងសង់លំនៅឋាន ដែលមានតម្លៃរាប់ពាន់លានដុល្លារ ។
បើតាមគេហទំព័រ Vietnam Investment Review ចេញផ្សាយកាលពីខែកុម្ភៈថា វៀតណាមបានបោះ ជំហានទៅមុខ ក្នុងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ចាប់តាំងពីទីក្រុងហាណូយ, ហូជីមិញ និងទីក្រុងដាណាងបានជ្រៀតចូលទៅក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ក្នុងឆ្នាំ២០១៨ ។
ក្នុងចំណោម ៦៣ ខេត្ត មានប្រមាណ ៤៨ ខេត្ត កំពុងសាងសង់ គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ។ យោងតាមក្រសួងសំណង់ ទីក្រុងឆ្លាតវៃ សំដៅលើការប្រើប្រាស់ឧបករណ៍ទំនើបៗ និងសេវាកម្មឆ្លាតវៃ ជាពិសេសផ្ដោតលើចរាចរណ៍ ការថែទាំសុខភាព និងការអប់រំឆ្លាតវៃ ជាដើម ៕
ប្រែសម្រួល៖ សារ៉ាត