មជ្ឈមណ្ឌលភាសា Aii ក៏ដូចជាសាលា AIS តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាលជានិច្ច ដើម្បីកសាងវិស័យអប់រំ ឱ្យមានគុណភាព
(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក៏ដូចជាសាលា AIS តែងតែបានចូលរួម ជាមួយរាជរដ្ឋាភិបាលជានិច្ច ដើម្បីកសាងវិស័យអប់រំ ឱ្យមានគុណភាព ហើយក៏ដើម្បីបណ្ដុះប្រជាពលរដ្ឋខ្មែរ ឱ្យក្លាយជាបណ្ដុំនៃបញ្ញាវន្តភាព ធ្វើយ៉ាងណា កសាងប្រទេសជាតិយើង ឱ្យមានការលូតលាស់ទៅមុខ ។ ដូច្នេះការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាការបណ្ដុះបណ្ដាលប្រទេសជាតិ និងជាការជ្រោមជ្រែង នៃការអភិវឌ្ឍប្រទេសជាតិ ។
នេះជាការការគូសបញ្ជាក់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន ក្នុងឱកាសដាក់សម្ពោធអគារ ៩ជាន់បន្ថែមមួយទៀត នៅតំបន់ជ្រោយចង្វារ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការ នៃកំណើនសិស្សានុសិស្ស ក៏ដូចជាឪពុកអ្នកម្ដាយ និងអាណាព្យាបាលសិស្ស ដែលមានភាពកក់ក្ដៅ និងជឿជាក់ លើការសិក្សារបស់កូនៗគាត់ នៅសាលា AIS និង មជ្ឈមណ្ឌលភាសា AII តាមរយៈការសិក្សា មានវិន័យល្អ រៀនពូកែ និយាយបានច្បាស់ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ។
អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា នៅឆ្នាំនេះ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន នឹងមានការសម្ពោធទីតាំងចំនួន ៦ទៀត ដោយក្នុងនោះមាន ៤សាខា និង ៦អាគារ ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្ស ដោយគិតមកដល់ពេលនេះ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន មានសាលាមានចំនួន ២៤សាខា ក្នុងនោះមានសាលា AIS ចំនួន ១២សាខា និងសាលា AII ចំនួន ១២សាខា ខណៈក្នុង ១ឆ្នាំៗ អាគារសិក្សានីមួយៗ ទទួលបានសិស្សពេញលឿនណាស់ ដោយកាលពីឆ្នាំមុន មានការសម្ពោធអគារសិក្សាចំនួន ៥ នៅទីតាំង ៥សាខា ។
អ្នកឧកញ៉ា បានលើកឡើងថា ការសិក្សា គឺជាមាគ៌ាមួយ ដើម្បីនាំទៅដល់ជោគជ័យក្នុងអនាគត ។ ដូច្នេះ ការសិក្សានាំទៅរកអនាគតវែងឆ្ងាយ នាំមកនូវការលូតលាស់នៅក្នុងអាជីវកម្ម ការរកស៊ី និងការធ្វើការរបស់យើង ហើយមានតែការសិក្សាប៉ុណ្ណោះ ដែលជារង្វាន់មួយជីវិតមិនអាចបាត់បង់ចេញពីខ្លួនយើង ដែលលោកឪពុកអ្នកម្ដាយ ទុកជាកេរិ៍មរតកផ្ដល់ឱ្យយើង ហើយការវិនិយោគលើការសិក្សា គឺជាការវិនិយោគដ៏អស្ចារ្យជាងគេបំផុតនៅលើលោកនេះ ក្នុងការកសាងអនាគតរបស់កូនយើង របស់ខ្លួនយើង របស់សង្គមយើង និងរបស់ប្រទេសជាតិយើង ។
អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ថា សាលា AIS និងមជ្ឈមណ្ឌលភាសា AII គឺជាសាលាជាតិមួយ ដែលព្យាយាមបណ្ដុះបណ្ដាលកូនខ្មែរ ឱ្យចេះភាសាខ្មែរ និងចំណេះទូទៅ រួមទាំងចេះភាសាអង់គ្លេស បានច្បាស់ ជាពិសេស ផ្តល់ជូននូវកម្មវិធីសិក្សាបែបអាមេរិកាំង និងផ្តោតលើការផ្តល់បរិយាកាសសិក្សា ដែលជាគោលតម្លៃស្នូលរបស់សាលា និយាយរួម គឺដើម្បីបំពេញតំរូវការសិស្ស ធ្វើម៉េចរៀនឱ្យចប់ និងឱ្យចេះ ។
សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាជ្រោយចង្វា ផ្តល់ជូននូវកម្មវិធីភាសាអង់គ្លេស ចិន និងភាសាថៃ ក៏ដូចជាវគ្គត្រៀមប្រលង TOEFL សម្រាប់អ្នកសិក្សាគ្រប់វ័យ ។ អគារថ្មីនេះ មានទីតាំងនៅផ្ទះលេខ EX136 ផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អគារសិក្សាថ្មីបន្ថែមនេះ នឹងប្រើប្រាស់សម្រាប់សិស្សានុសិស្ស ក្នុងកម្មវិធី Pre-kid Program និង Kid-Program ។ អគារថ្មីនេះ ស្វាគមន៍សិស្សានុសិស្ស ចាប់ពីកម្រិត Pre-kid 01 ដល់ Kid 04 ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ