អភិបាលរាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល បានកំណត់យ៉ាង ច្បាស់អំពីតម្លៃនិងតួនាទីដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានកំណត់យ៉ាង ច្បាស់អំពីតម្លៃនិងតួនាទីដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ ក្នុងន័យចូលរួមអបអរសាទរពិធីបុណ្យ រុក្ខទិវា៩ កក្កដា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ.សត្វព្រៃស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជាស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សាកាយរិទ្ធិនារីសាខារាជធានីភ្នំពេញ ។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញបានលើកឡើងថា ៖ សម្រាប់ការរៀបចំពិធីដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទរាជធានីភ្នំពេញ ទទួលបានការ ឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញយើងបានដាំដើមឈើនៅទីតាំងប្រារព្ធពិធីមានចំនួន ២៦៨ដើម ជាប្រភេទឈើធ្នង់ ។
ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ព្រៈថេរានុថេត្ថេរៈ គ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋក្មួយៗប្អូនៗយុវជន យុវនារីទាំងអស់ត្រូវបន្តគាំទ្រចំពោះគម្រោងព្រែក ជីកហ្វូណន.តេជោជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីព្រោះថាការសាងសង់ព្រែកជីកហ្វូណន តេជោនេះគឺដើម្បីផលប្រយោជន៍ខ្មែរសុទ្ធសាធនិងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជាដូច្នេះយើងត្រូវចូលរួមគាំទ្រឱ្យក្លាយទៅជាមហាចលនាជាតិខ្មែរតែមួយដើម្បីឱ្យសមិទ្ធិផលនេះលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ