វេជ្ជបណ្ឌិតកូរ៉េភាគច្រើន មិនត្រឡប់ទៅធ្វើការវិញ
សេអ៊ូល៖ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថា វេជ្ជបណ្ឌិតវ័យក្មេង ដែលធ្វើកូដកម្ម ភាគច្រើន នឹងមិនត្រលប់ទៅមន្ទីរពេទ្យវិញទេ បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល បញ្ចុះបញ្ចូលពួកគេក៏ដោយ។
វេជ្ជបណ្ឌិត ប្រមាណ១២០០០នាក់ បានធ្វើពហិការ មិនព្រមបំពេញភារកិច្ច តាំងពីថ្ងៃទី ២០ ខែកុម្ភៈ ដើម្បីតវ៉ាចំពោះកំណែទម្រង់ ដែលមានគោលបំណងបង្កើតបរិមាណសាលាវេជ្ជសាស្ត្រ ដោយពួកគេគិតថា គម្រោងរបស់រដ្ឋាភិបាល ប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ របស់ពួកគេ។
រដ្ឋាភិបាលអះអាងថា វិធានការនេះ ដើម្បីឆ្លើយតបនឹងកង្វះខាតពេទ្យ ហើយមានសារៈសំខាន់សម្រាប់ប្រជាជនដែលមានវ័យចំណាស់ យ៉ាងឆាប់រហ័ស ។ ការតវ៉ានេះ បានបង្ខំឱ្យមានការលុបចោលការវះកាត់ និងការព្យាបាលសំខាន់ៗ ផ្សេងទៀត។ រដ្ឋាភិបាលបានឲ្យគ្រូពេទ្យយោធា មកជួយអន្តរាគមន៍។
រដ្ឋាភិបាលបានប្រាប់ឲ្យគ្រូពេទ្យទាំងនោះ មកធ្វើការវិញ បើមិនចង់មិនប្រឈមមុខនឹងការពិន័យ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Cho Kyoo-hong បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ជាអកុសល គ្រូពេទ្យវ័យក្មេង ភាគច្រើន នឹងមិនត្រឡប់មកវិញទេ»។
ក្រសួងសុខាភិបាលបានប្រាប់ AFP ថា គិតត្រឹមព្រឹកថ្ងៃពុធ មានតែ ៨.៤ ភាគរយនៃគ្រូពេទ្យគរុកោសល្យ នៅមន្ទីរពេទ្យទូទៅ ចំនួន ២១១ ទូទាំងប្រទេស បានចូលធ្វើការងារ។ វេជ្ជបណ្ឌិតដែលធ្វើកូដកម្មជាច្រើននាក់ បានសម្រេចលាលែងពីតំណែង នៅក្នុងពេលធ្វើបាតុកម្ម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត