ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យុវជនត្រូវអភិវឌ្ឍន៍ខ្លួន​លើផ្នែកភាសា និងជំនាញវិជ្ជាជីវៈ រួមចំណែកអភិវឌ្ឍន៍កម្ពុជា

កំពត៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនត្រូវអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតលើផ្នែកភាសា និងជំនាញវិជ្ជាជីវៈដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា ពិសេសផ្ដល់សេវាកម្មទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកកំសាន្តឲ្យបានកាន់តែច្រើន ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមតំណាងប្រធាន ស.ស.យ.ក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល ស.ស.យ.ក ខេត្តកំពត សម្រេចបាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមប្រឹក្សាខេត្តក៏ដូចជាគណៈអភិបាលខេត្តកំពតដែលបានគាំទ្រដល់សកម្មភាពរបស់ ស.ស.យ.ក ខេត្តកំពតក្នុងការជួយដល់សង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថា នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ស.ស.យ.ក និងប្រទេសជាតិទាំងមូល ពីព្រោះកម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារភ្លើងសង្គ្រាមជាច្រើនដំណាក់កាល ជាហេតុនាំឱ្យមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនិងការសន្សំធនធានឱ្យបានល្អឡើយ ប៉ុន្តែចាប់ពីក្រោយឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាបណ្ដើរៗរហូតមកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានខិតខំប្រឹងប្រែងបន្តពីរាជរដ្ឋាភិបាលអាណត្តិមុន ក្នុងការកំណត់ទិសដៅយ៉ាងត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅមុខឈានទៅរកត្រើយសុភមង្គល ដូច្នេះជាឱកាសដ៏ប្រសើរសម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនិងសក្តានុពល ជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កេតឃើញថា បច្ចុប្បន្នអ្នកក្រុងកំពតមានភាពស៊ីវិល័យក្នុងការរស់នៅ មានជីវភាពល្អប្រសើរ មានកំរិតវប្បធម៌ខ្ពស់ ដែលនេះជាសញ្ញាតម្រង់ទិសទៅរកត្រើយសុភមង្គលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះក្នុងនាមជាស.ស.យ.ក យើងត្រូវគិតគូរថាតើត្រូវធ្វើយ៉ាងណាដើម្បីខ្លួនឯង និងសង្គមជាតិនាពេលខាងមុខ។ យើងត្រូវរៀបចំតាក់តែងអនាគតដោយខ្លួនឯង ក្នុងនាមជាកោសិការបស់ខេត្តកំពត ជាកុលបុត្រ កុលធីតារបស់ខេត្តកំពត ដែលនឹងត្រូវរៀបចំកសាងអភិវឌ្ឍន៍ខេត្តកំពតដោយខ្លួនឯង ។

ដោយឡែកចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ឯកឧត្តម យល់ឃើញថា ការកសាងព្រែកជីកនេះគឺបង្ហាញអំពីឆន្ទៈដ៏មោះមុតរបស់កម្ពុជាដែលតំណាងដោយសម្តេចតេជោ ពេលវេលាបានមកដល់ហើយសម្រាប់យើងទាំងអស់គ្នារៀបចំស្រុកទេសឱ្យបានល្អ ដើម្បីយើងរស់នៅក្រោមស្មារតីឯករាជ្យម្ចាស់ការ មានន័យថាខ្លួនទីពឹងខ្លួនដោយមិនចាំបាច់ស្នើសុំយោបល់ពីអ្នកណាម្នាក់ឡើយក្នុងការកសាងអាយុជីវិតជាតិរបស់យើងឱ្យនៅរស់រានមានជីវិតជារៀងដរាប ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner