សមត្ថកិច្ចជំនាញបង្ក្រាបទីតាំងស្តុកចែកចាយផលិតផលប្រេងរំអិលម៉ាក NOVA និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយ
កំពង់ស្ពឺ៖ ក្រុមមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ រ៉ែន នរិន្ធ កាលពីថ្ងៃទី២៤ ខែកក្កដា បានចុះបង្ក្រាបទីតាំងមួយកន្លែងយីហោ ហេង សុខជា ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីសង្ស័យប្រេងរំអិលក្លែងក្លាយ ។ករណីនេះបានធ្វើដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។
ប្រភពពីមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឱ្យដឹងថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវ របស់សមត្ថកិច្ចទើបឈានដល់ការចុះបង្ក្រាបទីតាំងមួយកន្លែងយីហោ ហេង សុខជា ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីសង្ស័យលួចស្កុតប្រេងរំអិលក្លែងក្លាយ
ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឆែករកឃើញ និងដកហូតវត្ថុតាង រួមមាន ប្រេងរអិលម៉ាកNOVA 2Tក្លែងក្លាយចំនួន ១.២៦២កំប៉ុង ស្មើនឹង ៨៧៦លីត្រ និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយចំនួន ៣.០៨៦ប៊ីដុង ស្មើនឹង ១០.០៩២លីត្រ ។សរុបទាំងអស់ចំនួន ១០.៩៦៨លីត្រ ។
បច្ចុប្បន្នវត្ថុតាងខាងលើលោកព្រះរាជអាជ្ញារង បានសំរេចឲ្យដកហូត និងនាំខ្លួនម្ចាស់ទីតាំងយកមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ៕
ដោយ៖ម៉ុន សំអាត