រដ្ឋលេខាធិការមហាផ្ទៃ៖ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពព្រំដែន ជាកិច្ចការដែលរដ្ឋបាលត្រូវយកចិត្តទុកដាក់

បាត់ដំបង៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកឡើង រដ្ឋបាល​ខេត្តបាត់ដំបងត្រូវយកចិត្តទុកដាក់​ខិតខំ ពង្រឹងការថែរក្សា​សន្តិសុខ ពិសេស ពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់និងសុខសុវត្ថិភាព​សង្គម​ព្រំដែនឱ្យ​បានកាន់តែប្រសើរ និងត្រូវបង្រ្កាបនូវ​រាល់បទល្មើស​គ្រប់​ប្រភេទ។ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​បានបញ្ជាក់យ៉ាងដូច្នេះកាលពីរសៀលថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងលោក ពិន ប្រាកដ ជាអភិបាលរងខេត្តបាត់​ដំបង។

ក្នុងពិធីដែលមានវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងផងនោះ ឯកឧត្តម
ប្រាក់ សំអឿន បានបន្តថា រដ្ឋបាលខេត្តក៏ត្រូវយកចិត្តទុកដាក់ ខិតខំ និងបង្កើនសកម្មភាពឱ្យកាន់តែសកម្ម ក្នុងការពង្រឹងនិង ការផ្ដល់​សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងដោះ​ស្រាយនូវរាល់សំណើរសំណូមពរ របស់ ប្រជាពលរដ្ឋឱ្យបាន​ទាន់​ពេលវេលា។សំដៅលើប្រសិទ្ធភាពការងារ ឯកឧត្តមរដ្ឋលេខាធិការ​បានរំលឹកដល់រដ្ឋបាលខេត្តត្រូវពង្រឹងនូវធ្លុងសាមគ្គី​ភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ពង្រឹងការគ្រប់គ្រង​ច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែន​គ្រប់​ប្រភេទ ក្នុងគោលដៅប្រែក្លាយព្រំដែនឱ្យទៅជាព្រំដែនសុខសន្តិភាពនិងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

សូមជម្រាបថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី​ការផ្ទេរភារកិច្ចមន្រ្ដីរាជការបានសម្រេចផ្ទេរភារកិច្ច លោក ពិន ប្រាកដ ពីអភិបាលរងខេត្តសៀមរាប មកទទួលមុខតំណែងថ្មីជាអភិបាលរង​ខេត្តបាត់ដំបងជំនួសលោក អ៊ួ ដារី ដែលត្រូវបានជាប់​ឆ្នោតជាសមាជិក​ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤៕

អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.

ads banner