សម្តេចតេជោ ហ៊ុន សែន៖ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមទេ, ការចរចាមុននេះ ថ្នាក់ដឹកនាំវៀតណាមបន្ថែមការលក់ភ្លើងពី២៥០មេហ្កាវ៉ាត់ ដល់៤០០មេហ្កាវ៉ាត់ជូនដល់កម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមទេ និងបានបញ្ជាក់ថា ការចរចាមុននេះ ថ្នាក់ដឹកនាំវៀតណាមយល់ព្រមដំឡើងការលក់ភ្លើងបន្ថែមពី ២៥០មេហ្កាវ៉ាត់ ដល់ ៤០០មេហ្កាវ៉ាត់ជូនដល់កម្ពុជា។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងតាមរយៈការចូលទៅខមិនពន្យល់គណនីហ្វេសប៊ុកឈ្មោះ “Chhoem Sakada” ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

តាមរយៈសារ Comment លើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយទៅលោក Chhoeum Sakada ដែលសម្តេចតេជោ ហៅថា កូន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងនេះថា ពុកបានបកស្រាយអស់ ២ម៉ោងសង្ឃឹមថាកូនយល់។ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាម ឬឡាវ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។

ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាត។ ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាត។ កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។

សម្តេចតេជោបានបន្តថា ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមិញនេះ(26/7/2024)ដែលម្សិលមិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី ២៥០មេហ្គាវ៉ាត់ដល់៤០០មេហ្គាវ៉ាត់ ដែលភាគីវៀតណាមយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សារឱ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឱ្យបានល្អជាមួយប្រទេសជិតខាងពិសេសតំបន់ភូមិភាគឥសានរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សារ។
សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរថា ២៥ឆ្នាំកន្លងមកហើយ តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេ? គឺអត់ទេ តែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវវៀតណាមថែមទៀតផង។
ជាមួយគ្នានេះ សម្តេចតេជោទទួលយកការកង្វល់ និងការព្រួយបារម្ភរបស់កូន និងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឱ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕
ដោយ៖ពលជ័យ

ads banner