បន្ទាប់ពីរកឃើញឧទ្ធម្ភាគចក្រ! ក្រុមប្រតិបត្តិការអ្នករុករកប្រទះឃើញសាកសពអាកាសយានិកម្នាក់ និងតាមរកម្នាក់ទៀត
ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រតិបត្តិការអ្នករុករកបានប្រទះឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺក្រុមរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ និងតាមរកម្នាក់ទៀត។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថា នៅរសៀលម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការអ្នករុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរកលោក ស៊ុន ផ្លា ជាប្រធានក្រុម។
សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផ្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះថា បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ។
សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺមានរយៈពេល១៧ថ្ងៃហើយ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ បន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងទាល់តែឃើញ។ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា បេសកកម្មប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា៕
ដោយ៖ពលជ័យ