Kim Jong Un រៀបចំឲ្យកូនស្រីវ័យជំទង់ ស្នងតំណែង
ព្យុងយ៉ាង៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ហៅកាត់ NIS បានទម្លាយឲ្យដឹង កាលពីថ្ងៃចន្ទ ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កំពុងរៀបចំកូនស្រីវ័យជំទង់របស់លោក ជាអ្នកស្នងតំណែងជំនួស ដើម្បីបន្តដឹកនាំរដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ មួយនេះ។
យុវតី Kim Ju Ae ដែលមិនត្រូវបានបញ្ជាក់អំពីអាយុជាក់លាក់ តែងតែមានវត្តមានជាមួយឪពុក នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ រួមទាំងទាក់ទងនឹងសកម្មភាពយោធា ក៏ដូចជា ក្នុងពេលត្រួតពិនិត្យការហ្វឹកហាត់ ជាដើម។ ការណ៍នេះបានជំរុញឱ្យមានការរំពឹងទុកថា លោក Kim Jong Un បានជ្រើសរើសនាង ជាអ្នកស្នងមរតកជាអ្នកដឹកនាំ ជំនាន់ទីបួន នៃការគ្រប់គ្រងតំណែងតពូជ ដោយគ្រួសារត្រកូល Kim។ នេះបើតាម NIS ដដែល។
សមាជិកសភា Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសន្និសីទសង្ខេប របស់ទីភ្នាក់ងារ NIS ថា លោក Kim Jong Un ឥឡូវនេះ លើសទម្ងន់ ពោលគឺប្រហែល១៤០គីឡូក្រាមដែលធ្វើឱ្យលោកមានហានិភ័យខ្ពស់ នៃការមានជំងឺបេះដូង។
លោក Kim ដែលត្រូវបានគេដឹងថាចូលចិត្តជក់បារី ធ្លាប់មានព័ត៌មានថាលោកមានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ក្នុងវ័យជាង៣០ឆ្នាំ។ នេះបើតាមការដកស្រង់ប្រភពពីទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ដដែល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត