ក្រសួងកសិកម្ម និងអង្គការ FAO ចុះកិច្ចព្រមព្រៀងលើការផ្ដល់​មូលនិធិ​សម្រាប់គម្រោង ការទប់ស្កាត់ ការត្រៀមបង្ការ និងការឆ្លើយតបចំពោះ​ជំងឺរាតត្បាត

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានឯកភាពគ្នា​ក្នុង​ការកសាងកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ដោយក្នុងនេះបានចុះហត្ថ​លេខា​លើកិច្ចព្រមព្រៀងផ្ដល់មូលនិធិសម្រាប់គម្រោងការទប់ស្កាត់ ការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺរាតត្បាត (CamPPR) នៅកម្ពុជា។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលនេះត្រូវបានគេចាត់ទុកថាជាការបញ្ជាក់ពី​ជំហានដ៏រឹងមាំឆ្ពោះទៅរកការពង្រឹងសុវត្ថិភាពសុខភាពសាធារណៈនៅកម្ពុជា និងក្នុងតំបន់ តាមរយៈអភិក្រមសុខភាពតែមួយ (One Health)។

បើយោងតាមអង្គការ FAO បានឱ្យដឹងនៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤​នេះ​ថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការក្រោមអធិបតីភាព​ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា។

តាមរយៈពិធីចុះហត្ថលេខានេះ វាក៏នឹងជួយបង្កើនកិច្ចសហការយូរអង្វែង​រវាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ជាមួយនឹង​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម​សត្វមួយ​កម្រិតបន្ថែម​ទៀតផងដែរ ដោយភាគីទាំងសងខាងនឹងផ្តោតការយកចិត្ត​ទុកដាក់ជាសំខាន់ទៅលើការពង្រឹងសមត្ថភាពទូទៅ ក៏ដូចជាសមត្ថភាពនៃការតាមដាន សេវាមន្ទីរពិសោធន៍ និងធនធានមនុស្សនៅក្នុងប្រព័ន្ធសុខភាពសត្វរបស់កម្ពុជា។

គួរបញ្ជាក់ថាគម្រោងការទប់ស្កាត់ ការត្រៀមបង្ការ និងការឆ្លើយតប​ចំពោះ​ជំងឺរាតត្បាត (CamPPR) មានគោលបំណងបង្កើនការការពារ ការត្រៀម​លក្ខណៈ និងការឆ្លើយតបទៅនឹងស្ថានភាពអាសន្នផ្នែកសុខភាពសាធារណៈ ដែលបង្កដោយជំងឺរាតត្បាត តាមរយៈការអនុវត្តអភិក្រមសុខភាពតែមួយ (One Health)។ អភិក្រមនេះរួមបញ្ចូលសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន និងលើកកម្ពស់និរន្តរភាពកសិកម្ម សុវត្ថិភាពចំណីអាហារ ព្រមទាំងគ្រប់គ្រងភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) ក៏ដូចជាសន្តិសុខ​ស្បៀង និងអាហារូបត្ថម្ភផងដែរ។ វាជារឿងចាំបាច់ ដែលត្រូវចូលរួម បង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងពីសត្វមកមនុស្ស និងពីមនុស្សទៅសត្វ ក៏ដូចជាស្វែងរកដំណោះស្រាយចំពោះភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) ព្រមទាំងធានាបាននូវសុវត្ថិភាពម្ហូបអាហារ និងដោះស្រាយរាល់ការ​គំរាម​កំហែងសុខភាពបរិស្ថាននានា។ លើសពីនេះ អភិក្រមសុខភាពតែមួយ (One Health) គឺពិតជាសំខាន់ព្រោះវានឹងជួយសម្រេចបាននូវគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

សម្រាប់មូលនិធិសម្រាប់ជំងឺរាតត្បាតត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ២០២២ ហើយនៅពេលនោះធនាគារពិភពលោកដើរតួជាអ្នក​គ្រប់គ្រង​ដំណើរ​ការទាំងមូល។ នៅខែឧសភា ឆ្នាំ២០២៣ ដែលជាការអំពាវនាវសម្រាប់ការ​ដាក់ពាក្យលើកដំបូង មូលនិធិទទួលបានពាក្យស្នើសុំចំនួន១៧៩​ពីបណ្ដា​ប្រទេសចំនួន ១៣៣។ បន្ទាប់មកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលនៃមូលនិធិជំងឺរាតត្បាតបានផ្តល់ជំនួយជុំទី១ដល់ប្រទេសចំនួន៣៧ ដើម្បីជួយបង្កើនសមត្ថភាពរបស់ពួកគេក្នុងការត្រៀម បង្ការ និងឆ្លើយ​តប​ទៅនឹងជំងឺរាតត្បាត ដោយក្នុងនោះប្រទេសកម្ពុជាក៏ទទួលបានការ​គាំទ្រនេះផងដែរ។

ក្រៅពីនេះក្នុងរយៈពេលបីឆ្នាំខាងមុខ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រួមជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនឹងចុះអនុវត្តគម្រោង CamPPR នេះ ដោយមានការចូលរួមក្នុងនាមភាពជាដៃគូពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារពិភពលោក (World Bank)។ គំនិតផ្តួចផ្តើមនេះនឹងជួយលើកកម្ពស់សមត្ថភាពវិស័យសុខភាពសត្វក្នុងការទប់ស្កាត់ ការត្រៀមបង្ការ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់​ចំពោះជំងឺរាតត្បាត៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner