អាមេរិកប្រាប់ឲ្យបង់ក្លាដែស អត់ធ្មត់
បរទេស៖ លោកខាងលិចបានជំរុញដល់ប្រទេស បង់ក្លាដែស រក្សាភាពស្ងប់ស្ងាត់ ក្រោយពេលមេដឹកនាំកាន់អំណាចយូរឆ្នាំ លោកស្រី Sheikh Hasina ភៀសខ្លួនពីប្រទេស ហើយអាមេរិកស្វាគមន៍យោធា ក្នុងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ជាជាងការបង្ក្រាប លើក្រុមបាតុករ បន្ថែមទៀត។
អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា «ជីវិតជាច្រើននាក់បានបាត់បង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ កន្លងមកនេះ ហើយយើងជំរុញឱ្យមានភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ នៅថ្ងៃខាងមុខ»។ នៅពេលដែលមានសំណួរសួរថា តើ យោធាគួរតែជ្រើសរើសមេដឹកនាំថ្មី ឬ យ៉ាងណានោះ? លោកបញ្ជាក់ថា អាមេរិកចង់ឲ្យប្រជាជនបង់ក្លាដែសខ្លួនឯង ជាអ្នកសម្រេច លើរដ្ឋាភិបាលអនាគត។
គួរបញ្ជាក់ថា មុនពេលភៀសខ្លួន លោកស្រី Sheikh Hasina ដែលជាកូនស្រី របស់បិតាស្ថាបនិក ប្រទេសបង់ក្លាដែស បានព្យាយាមលុបបំបាត់ការបះបោរ ទូទាំងប្រទេស ដឹកនាំដោយនិស្សិត ប្រឆាំងនឹងកូតាការងារ ដោយពួកគេគិតថា មិនស្មើភាព។ ពួកគេអំពាវនាវឱ្យលោកស្រី ចុះចេញពីតំណែង។ មនុស្សជិត ១០០នាក់ ត្រូវបានសម្លាប់ អំឡុងការបង្ក្រាប កាលពីថ្ងៃអាទិត្យ។
ក្រៅពីអាមេរិក ក៏មានអង្គការសហប្រជាជាតិ និងសហគមអឺរ៉ុបបានជំរុញឲ្យបង់ក្លាដែសរក្សាភាពស្ងប់ស្ងាត់ និងជំរុញដំណើរការកែប្រែទៅជាលទ្ធិប្រជាធិបតេយ្យ ដោយសន្តិវិធី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត