កម្ពុជា-គុយវ៉ែត សម្តែងការពេញចិត្តចំពោះការវិវត្តនៃកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Mohamad Saeed Shafi Al-Hajri ឯកអគ្គរាជទូតនៃរដ្ឋគុយវ៉ែត ប្រចាំនៅកម្ពុជា បានសម្តែងការពេញចិត្តចំពោះការវិវត្តនៃកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤មក។ ការសម្តែងការពេញចិត្តនេះ ក្នុងឱកាសឯកឧត្តម Mohamad Saeed Shafi Al-Hajri ឯកអគ្គរាជទូតនៃរដ្ឋគុយវ៉ែត សម្តែងការគួរសមនិងជម្រាបលា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានសម្តែងការកោតសរសើរចំពោះការរួមចំណែករបស់ ឯកឧត្តម ឯកអគ្គរាជទូត Mohamad Saeed Shafi Al-Hajri ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូវ៉ែត។ ភាគីទាំងពីរក៏បានពិភាក្សាពីលទ្ធភាពក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីបន្ទាប់ រវាងក្រសួងការបរទេសទាំងពីរ នៅឆ្នាំក្រោយ ដើម្បីរិះរកមធ្យោបាយ និងវិធីសាស្ត្រ ក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើការវិវត្តក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស