ក្រសួងកសិកម្មផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ដល់ សិប្បកម្មនៅខេត្តសៀមរាប
ភ្នំពេញ៖ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា៖ក្រុមការងារអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ឱ្យដល់សិប្បកម្មនៅខេត្តសៀមរាប ហើយបានចុះពិនិត្យ និង ផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង ពិនិត្យកូនមនបណ្តុះដោយគ្រាប់ដែលអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ជូនកាលពីលើកមុន។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៤លោកជំទាវ អ៊ឹម រចនាដែលបានចុះពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង សម្រាប់ផលិតសូត្រ នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ) ក្នុងស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថាអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុនអាទីហ្សង់អង្គរ ដើម្បីស្ដារឡើងវិញ សិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យស្ថិតស្ថេរគង់វង្ស។
ទាក់ទិនក្នុងរឿងនេះលោកជំទាវបានប្រាប់ថា” អស់រយៈពេលជាង៧ខែកន្លងមកនេះអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរ ជាបន្តបន្ទាប់ និងបានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់ការបណ្ដុះ”។
លោកជំទាវ អ៊ឹម រចនា កត់សម្គាល់ពីភាពរីកចម្រើនយ៉ាងលឿនរហ័សនៃសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ ចាប់តាំងពីពេលដែលសិប្បកម្មនេះមានតែកូនដើមមនទើបដាំ រហូតដល់ពេលនេះដែលដើមមនលូតលាស់ធំធាត់បានល្អ។ មិនត្រឹមតែប៉ុណ្ណោះ សិប្បកម្ម ចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិតជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់ ដែលភាគច្រើនជាស្ដ្រី។
លោកជំទាវអនុរដ្ឋលេខាធិការ រូបនេះបានបញ្ជាក់បន្ថែមថា៖ អគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងក្រុមការងារ នឹងបន្តសហការផ្លាស់ប្តូរបច្ចេកទេសលើផ្នែកកោសេយ្យវប្បកម្មដល់អាទីហ្សង់អង្គរ ព្រមទាំងបន្តផ្តល់ពងដង្កូវនាងពូជសូត្រមាសប្រមាណ ៥ ០០០ពង ក្នុងខែសីហា ឆ្នាំ២០២៤ និងផ្តល់ពូជមនប្រមាណ ៥០បាច់ ឬ ១ ០០០ដើមទៀត ក្នុងខែកញ្ញា ឆ្នាំ២០២៤៕
ដោយ ៖ ម៉ាដេប៉ូ