គ.ជ.ប ៖ ឱ្យយុវជនដែលមានអាយុ១៨ឆ្នាំត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា
(ភ្នំពេញ)៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំ ឬកើតមុនថ្ងៃ ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះបោះឆ្នោតត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាម ទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ។
ថ្លែងក្នុង កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ នាថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានឱ្យដឹងថា៖ចំពោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតពីមុនមក អាចទៅពិនិត្យ ឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬ តាមគេហទំព័រ គជប (voterlist.nec.gov.kh) ឬតាមកម្មវិធីទូរសព្ទ NEC KHជាដើម។
ឯកឧត្តម បានបន្តឱ្យដឹងថាតាមការប៉ាន់ប្រមាណពលរដ្ឋចំនួន ២២៤.១៥៦នាក់នឹងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២៤នេះ និងចំណែកចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៥៩.៩៦៨នាក់នាក់។ក្រៅពីនេះចំពោះចំនួនការិយាល័យបោះឆ្នោត ឆ្នាំ២០២៤នេះដែរ មានចំនួន ២៤.១៨៨ការិយាល័យ។
សម្រាប់ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោតវិញនឹងត្រូវធ្វើការផ្សព្វផ្សាយ ព្រមគ្នាជាសាធារណៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋានwww.nec.gov.kh។
ឯកឧត្តមបានថ្លែងប្រាប់ថា” ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោត អចិន្ត្រៃយ៍ ដូចដែលយើងបានធ្វើជារៀងរាល់ឆ្នាំ ស្របតាមច្បាប់បោះឆ្នោតជាធរមាន ដើម្បី ធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤”។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២៣ មានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និង ទិន្នន័យរបស់ខ្លួនឡើងវិញ។សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ដែលក្នុងនោះ៖ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ១១.២១៨.០៦៩នាក់ ក្នុង នោះស្រីមានចំនួន ៥.៨៤៨.៧២៩នាក់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ មានចំនួន ៩.៨៧១.៤៩៥នាក់ ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៤៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ គ្រី សម្បត្តិ