មេបញ្ជាការ៖ កងទ័ពចាំបាច់ត្រូវហ្វឹកហ្វឺន លត់ដំ បំប៉នជំនាញ ទាំង តួនាទីភារកិច្ច វិន័យ និងសេចក្ដីថ្លៃថ្នូរ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង​កំពង់ធំ បានលើកឡើងថា កងទ័ពប្រៀប​បានទៅ​នឹង​សរសៃ​ឈាមរបស់រាជរដ្ឋាភិបាល។ត្រូវត្រៀមខ្លួនជានិច្ចក្នុងការទទួលភារកិច្ច អនុវត្តតាមបទបញ្ជាពីថ្នាក់លើ ដូច្នេះត្រូវ​មានសុខភាពល្អ និងមាន​គុណភាព ទាំងចំណេះដឹង តួនាទីភារកិច្ច គោរពវិន័យ និងសេចក្ដី​ថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។ឧត្តមសេនីយ៍ទោ លើកឡើង​ដូច្នេះក្នុងឱកាសចុះសួរសុខទុក្ខ សិក្ខាកាមនៃបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំក្នុងទីលានហ្វឹកហ្វឺនហាត់ ទីបញ្ជាការ​កងវរសេនាតូចលេខ១ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បាន​បញ្ជាក់ថា នេះគឺជាការហ្វឹកហ្វឺនរៀនសូត្រពង្រឹងនាយទាហាន នាយ​ទាហានរង និងពលទាហានប្រចាំឆ្នាំ២០២៤ រយៈ​ពេលមួយ​ខែ។ វគ្គនេះ មានប្រាក់ឧបត្ថម្ភ​បំប៉នហ្វឹកហ្វឺន​របស់​​សម្តេចតេជោ ហ៊ុន សែន និងការជួយឧបត្ថម្ភម្ហូបអាហារ​បន្ថែមពីតាម​បណ្តាកងឯកភាព​នៅ​ផ្នែក​សឹករងក្រុងស្រុកទាំងប្រាំបួន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដល់សិក្ខាកាមទាំងអស់ត្រូវស្តាប់គ្រូ​យោធាចារ្យបង្រៀន និងរៀនសូត្រតាម​ផែនការ​ដែលថ្នាក់​លើ​បាន​ប្រគល់ជូន ។ទី១-មានស្មារតីទទួលខុសត្រូវឱ្យទទួលបាន​លទ្ធផលល្អ, ទី២-ត្រូវត្រៀមបម្រុងកម្មវិធីហ្វឹកហ្វឺនយុទ្ធ​ដំណើរ​ទ័ពមុនពេល​កម្មវិធី​បិទហ្វឹកហ្វឺន មានចម្ងាយផ្លូវពី១៥ទៅ២០គីឡូម៉ែត្រ នៅក្នុងតំបន់​ព្រៃឡង់ , ទី៣-យោធិនគ្រប់រូប ត្រូវតែស្មោះ​ត្រង់ដាច់ខាត​ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានរាជរដ្ឋា​ភិបាល​ស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយក​អង្ករ១.៣០០​គីឡូក្រាម និងត្រីខកំប៉ុង៤កេស ជាការឧបត្ថម្ភរបស់​ឧត្តម​សេនីយ៍ទោ ស៊ិន ស៊ីណាត នាយកដ្ឋានផ្គត់ផ្គង់របស់ក្រសួងការពារជាតិ ប្រចាំទិស​យោធភូមិភាគទី៤ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនទៀត​របស់​បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំឧបត្ថម្ភដល់វគ្គហ្វឹកហ្វឹននេះ ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner